ហាងកាហ្វេណូគាររបស់វៀតណាមបីកន្លែង ស្ថិតនៅក្នុងក្រុងសៀមរាប រងការចោទថា គៀបសង្កត់ទៅលើកម្មករស្រីខ្មែរដែលបំរើក្នុងរបស់ខ្លួន និងគំរាមសម្លាប់ បើសិនពួកគេទៅធ្វើការកន្លែងផ្សេង ព្រមទាំងមានការសង្ស័យជួញដូរផ្លូវភេទ និងប្រើកាហ្វេមានជាតិគីមីផងដែរ។
បុគ្គលិកខ្មែរមួយរូបដែលសុំមិនបញ្ចេញឈ្មោះប្រាប់កោះសន្តិភាពនៅថ្ងៃនេះថា ហាងកាហ្វេនោះមានយីហោណូគារកាហ្វេ ស្ថិតនៅ សង្កាត់សាលាកំរើក ២កន្លែង និងសង្កាត់ស្វាយដង្គំ ១កន្លែង ដែលមានម្ចាស់ហាងឈ្មោះញឹក បានគាបសង្កត់កម្លាំងពលកម្ម បុគ្គលិក និងបិទសិទ្ធិសេរីភាពកម្មករខ្មែរ ដូចជាហាមមិនឲ្យប្រើទូរស័ព្ទដៃ ដោយលើកហេតុផលថា ខ្លាចទាក់ទងទៅសង្សារ ឬទៅក្រុមគ្រួសារ ហាមមិនឲ្យស្នាក់នៅខាងក្រៅកន្លែងធ្វើការ និងដើរលេងកំសាន្ដយប់ព្រលប់ជាដើម។ បុគ្គលិកដដែលបន្ដថា ប៉ុន្ដែបើបុគ្គលិកជាជនជាតិវៀតណាមវិញ ថៅកែរូបនោះមិនហាមឃាត់ និងរារាំងឡើយ។ លើសពីនេះទៀត ម្ចាស់ហាងកាហ្វេយួនរូបនោះ គំរាមថា តាមសម្លាប់ចោល បើសិនពួកគេផ្លាស់ប្ដូរទៅធ្វើការនៅកន្លែងផ្សេង ដែលពួកគេយល់ថា នេះជាការប៉ុនប៉ងមនុស្សឃាត ដោយចេតនា និងជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរទៅលើកម្មករខ្មែរ ខណៈកម្មករយួនដែលបំរើការជាមួយគ្នានោះ បែរជាមានសេរីភាពជាងកម្មករខ្មែរ តើនេះជាច្បាប់ខ្មែរ ដើម្បីឲ្យយួនចូលមករកស៊ីនៅស្រុកខ្មែរសម្រាប់មើលងាយខ្មែរឬ?
ជាមួយគ្នានោះដែរ ប្រភពព័ត៌មានបានបញ្ជាក់ឲ្យដឹងថា ហាងកាហ្វេណូគារនោះ សង្ស័យមានការជួញដូរគ្រឿងញៀន ជួញដូរផ្លូវភេទ និងប្រើប្រាស់កាហ្វេមានជាតិគីមី ដើម្បីបំរើអតិថិជនផងដែរ។ ប្រភពបន្ថែមថា មូលហេតុដែលហាងកាហ្វេណូគា អនុវត្ដផ្ទុយពីច្បាប់កម្ពុជានោះ ដោយសារម្ចាស់ហាងកាហ្វេនោះ មានមន្ដ្រីសមត្ថកិច្ចដែលមានអំណាចនៅពីក្រោយខ្នង ។ ក្រុមអ្នកផ្តល់ព័ត៌មានបានស្នើឲ្យសមត្ថកិច្ចជំនាញអនុវត្ដច្បាប់ទៅលើហាងកាហ្វេនោះឲ្យមានប្រសិទ្ធិភាពផង។
កោះសន្តិភាព មិនអាចសុំការបំភ្លឺពីម្ចាស់ហាងកាហ្វេណូគារ ឈ្មោះញឹកនោះបានទេ ដោយសារទូរស័ព្ទរបស់លោកនៅក្រៅតំបន់សេវា ។ ជុំវិញករណីខាងលើនេះដែរ លោកទិត្យ ណារ៉ុង អធិការក្រុងសៀមរាប បានមានប្រសាសន៍នៅរសៀលថ្ងៃទី០៤ មេសា ២០១៥ ថា លោកនិងឲ្យមន្ត្រីជំនាញទៅប្រាប់ក្រុមបុគ្គលិកទាំងនោះ ឲ្យដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច ទើបសមត្ថកិច្ចមានសិទ្ធិកោះហៅម្ចាស់ហាងចូលមកបំភ្លឺ ជុំវិញករណីដែលបុគ្គលិកចោទប្រកាន់ខាងលើ ប្រសិនបើម្ចាស់ហាងនោះ ប្រព្រឹត្តិដូចកម្មករលើកឡើងខាងលើនោះមែន។លោកបន្ដថា ចំណែកការជួញដូរផ្លូវភេទ ជួញដូរគ្រឿងញៀន និងការប្រើប្រាស់កាហ្វេមានជាតិគីមីជាដើមនោះ មិនមែនជាជំនាញរបស់លោកទេ។ លោកបន្ថែមទៀតថា លោកទទួលស្គាល់ថាម្ចាស់ហាងកាហ្វេណូគារនោះពិត ជាមានខ្នងបង្អែកនៅពីខាងក្រោយមែន។
គួររំលឹងផងដែរថា តាមការសង្កេតឃើញជាក់ស្ដែងរបស់អ្នកតាមដានហាងកាហ្វេកំពុងរីកដុះដាលដូចផ្សិតនៅក្នុងតំបន់ទេសចរណ៍អង្គរមួយនេះ ស្ទើ១០០% ដែលមានម្ចាស់ជាជនជាតិវៀតណាម ហើយគេមិនដែលឃើញមានសមត្ថកិច្ចពាក់ព័ន្ធណាមួយចុះបង្ក្រាបម្តងណាឡើយ។ ហាងកាហ្វេនីមួយៗមានអ្នកបំរើភាគច្រើនជាក្មេងស្រីជនជាតិវៀតមិនទាន់គ្រប់អាយុ និងមួយចំនួនទៀតជាជនជាតិខ្មែរ។ នៅពេលរាត្រីពួកក្មេងស្រីអ្នកបំរើហាងកាហ្វេទាំងនោះ មានសម្លៀកបំពាក់ឆើតឆាយ ខើចលើ ខើចក្រោម អមទៅដោយភ្លើងពណ៌ ព្រមព្រៀប បានដូចជាកន្លែងឋានសួគ៌ាផងដែរ៕ ប្រភពដើមពី កោះសន្តិភាព
ថ្ងៃនេះ | 3434 | នាក់ |
ម្សិលមិញ | 11935 | នាក់ |
សប្ដាហ៍នេះ | 45992 | នាក់ |
ខែនេះ | 326354 | នាក់ |
ឆ្នាំនេះ | 326354 | នាក់ |
សរុប | 53925250 | នាក់ |
ថ្ងៃទី 30 ខែ 01 ឆ្នាំ 2025 ម៉ោង 15:37 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net