ប្រជាពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើសុំមអោយលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ដកលោក ហោណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសចេញពីដំណែង បន្ទាប់ពីមានប្រតិកម្មខ្លាំងៗ ចំពោះសាលិខិត របស់លោក ហោណាំហុង ដែលផ្ញើទៅរដ្ឋសភាកាលពីថ្ងៃអង្គារថា មូលហេតុដែលឲ្យនាំជនជាតិវៀតណាមបាញ់ថ្នាំពុលបំផ្លាញដំណាំកសិករខ្មែរនៅខេត្តត្បូងឃ្មុំ គឺមកពីប្រជាពលរដ្ឋខ្មែរទាំងនោះបានដាំដំណាំលើទឹកដីវៀតណាមទៅវិញ ។
លិខិតរបស់ស ហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា បានសរសេរថា “សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា យល់ឃើញថា លោក ហោ ណាំហុង ប្រមុខការទូតរបស់កម្ពុជា បានធ្វើផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ ត្រង់មាត្រា៥២ ដែលចែងថា រដ្ឋាភិបាលកម្ពុជាត្រូវរក្សាការពារឯករាជភាព អធិបតេយ្យភាព បូរណភាពទឹកដី និងរដ្ឋាភិបាលត្រូវរក្សាការពារនីត្យានុកោលភាព និងយកចិត្តទុកដាក់ជាអាទិភាពចំពោះជីវភាពរស់នៅ និងសុខមាលភាពរបស់ពលរដ្ឋ” ។
កន្លងទៅថ្មីៗនេះគេសង្កេតឃើញថា តំណាងរាស្ត្រមកពីបក្សប្រឆាំង បានផ្ញើលិខិតទៅប្រធានរដ្ឋសភា ឲ្យចេញកិច្ចអន្តរាគមន៍ទៅក្រសួងការបទេស ក្រោយពីបានចុះពិនិត្យផ្ទាល់នៅកន្លែងកើតហេតុដោយរកឃើញថា ដំណាំ១០ហិកតា របស់កសិករខ្មែរចំនួន៩គ្រួសារនៅខេត្តត្បូងឃ្មុំ ត្រូវបានបំផ្លាញដោយជនជាតិ យួន (វៀតណាម) ។ តំណាងរាស្ត្រទាំងនោះបានចាត់ទុកករណីនេះថា កងកម្លាំងសមត្ថកិច្ចយួន បានរំលោភបំពានមាក់ងាយមកលើប្រជាពលរដ្ឋខ្មែរយ៉ាងធ្ងន់ធ្ងរ និងអធិបតេយ្យរបស់កម្ពុជា ប៉ុន្តែលោក ហោ ណាំហុង បែជាអះអាងទាំងទទឹងទិសថា ដីនោះជារបស់វៀតណាមទៅវិញ។
កាលពីថ្ងៃពុធម្សិលមិញ ក្រសួងការបរទេសកម្ពុជាបាន បញ្ជាក់ជាសាជាថ្មីថា ដីទំហំ១០ហិកតាដែលគណបក្សសង្រ្គោះជាតិបានអះអាងថា ជាដីរបស់កម្ពុជានោះ គឺជាដីរបស់វៀតណាមដែលរដ្ឋាភិបាលកម្ពុជា និងវៀតណាមបានឯកភាពគ្នាឲ្យប្រជាពលរដ្ឋខ្មែរដាំដំណាំ នេះបើយោងតាមការបំភ្លឺរបស់លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បន្ថែមទៅលើលិខិតរបស់រដ្ឋមន្រ្តីក្រសួងការបរទេស លោក ហោ ណាំហុង ដែលបានផ្ញើទៅ លោក ហេង សំរិន ប្រធានរដ្ឋសភា ។
គូររំលឹកផងដែរថា កាលពីថ្ងៃទី១៩ខែមេសា ឆ្នាំ២០១៥កន្លងទៅថ្មីៗនេះ កម្លាំងសមត្ថកិច្ចវៀតណាមបាននាំពលរដ្ឋខ្លួនចុះធ្វើសកម្មភាពបាញ់ថ្នាំពុលបំផ្លាញផលដំណាំរបស់កប្រជាកសិករខ្មែរ នៅភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំអស់ចំនួន១០ហិកតា។
ករណីសារលិខិតរបស់លោក ហោណាំហុង និងការបកស្រាយបំភ្លឺរបស់លោក កុយ គួង ដែលបានសរសេរទៅកាន់ប្រធានរដ្ឋសភានេះ យើងជាពលរដ្ឋខ្មែរ ដែលជាម្ចាស់ទឹកដី មិនអាចទទួលយកបានទេ ហើយក៏សូមធ្វើការសំនូមពរយ៉ាងទទួចទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មេត្តាដកលោកហោណាំហុងចេញពីតំណែងជាបន្ទាន់ ជៀសវាងធ្វើអោយរាស្រ្តខ្មែរ និងប្រទេសលើសកលលោកគេសើចចំអកថា រដ្ឋាភិបាលកម្ពុជា យកមនុស្សដែលគ្មានឧត្តមគតិស្នេហាជាតិ មកប្រើបែបនេះទើបធ្វើអោយប្រទេសជាតិចេះតែហិនហោច បាត់បង់ទឹកដី និងធ្វើអោយប្រទេសជិតខាងកាន់តែបានចិត្តពីមួយថ្ងៃទៅមួយថ្ងៃក្នុងការឈ្លានពានចង់លេបត្របាក់យកទឹកដីខ្មែរដ៏កម្សត់មួយនេះ៕ ដោយ៖ ផ្លុង-រ៉េត
ថ្ងៃនេះ | 3434 | នាក់ |
ម្សិលមិញ | 11935 | នាក់ |
សប្ដាហ៍នេះ | 45992 | នាក់ |
ខែនេះ | 326354 | នាក់ |
ឆ្នាំនេះ | 326354 | នាក់ |
សរុប | 53925250 | នាក់ |
ថ្ងៃទី 30 ខែ 01 ឆ្នាំ 2025 ម៉ោង 15:40 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net