យីហ៊ឺសិប្បនិម្មិត រួមទាំងបបែល ប្រមាណជិត២០០គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសង្កែធ្វើការឃាត់បានជាបន្តបន្ទាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង៥និង២០នាទីល្ងាច ខណៈដែលមានមនុស្សចំនួន៤នាក់បាននិងកំពុងជិះកង់ដើរលក់តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ម្តុំភូមិកំពង់ព្រះ និងភូមិស្វាយជំនីក ក្នុងទឹកដីស្រុកសង្កែ ខេត្តបាត់ដំបង។ ប្រភពព័ត៌មានពីសន្តិសុខផ្ទៃក្នុងបានឲ្យដឹងថា នៅមុនពេលឃាត់មនុស្សទាំង៤នាក់នេះ គឺកម្លាំងប៉ុស្តិ៍ទាំងពីរគោលដៅខាងលើបានរាយការណ៍មកថា មានការដើរលក់យីហ៊ឺ ដែលហាក់បីដូចជាមានភាពមិនប្រក្រតី គឺសង្ស័យថាជារបស់ក្លែងក្លាយ ទើបលោកអធិការរងមួរ ឡាន បានបញ្ជាទៅកម្លាំងប៉ុស្តិ៍ធ្វើការឃាត់មនុស្សទាំងនោះយកមកកាន់អធិការដ្ឋានជាបណ្ដោះអាសន្នដើម្បីឲ្យកម្លាំងជំនាញត្រួតពិនិត្យ និងធ្វើការសាកសួរ។ ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងហេតុការណ៍នោះគេសង្កេតឃើញមានវត្តមានរបស់លោកនួន សាន ព្រះរាជអាជ្ញាសាលាដំបូងខេត្ត លោកវរសេនីយ៍ឯក ម៉ៅ រង្សី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ និងកម្លាំង ដែលបានប្រតិបត្តិការដើម្បីធ្វើការត្រួតពិនិត្យទៅលើរបស់ទាំងនេះដោយក្នុងនោះមានយីហ៊ឺ បបែល និងហៃប៊ី។ អ្នកលក់ទាំង៤នាក់មានឈ្មោះ១.កែវ សៅ ភេទប្រុស អាយុ៥៧ឆ្នាំ ២.កែវ កេង ភេទប្រុស អាយុ១៨ឆ្នាំ (ត្រូវជាកូន)។ អ្នកទាំងពីររស់នៅភូមិកោះត្រាច ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត។ ៣.ជិន ផន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិស្លាបតាអោង ឃុំស្វាយទងត្បូង ស្រុកកំពង់ត្រាច និង៤. យ៉ិត ផុន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិតាខ្វាយ ឃុំស្វាយទងដូចគ្នា។ តាមការសាកសួរពីកម្លាំងជំនាញអ្នកទាំង៤នាក់នេះបានសារភាពថា ពួកគេបានប្រកបមុខរបរនេះអស់រយៈពេលប្រមាណជាងពីរឆ្នាំមកហើយ ដោយសារតែឃើញថា មានអាជីវករដែលលក់ដូរនៅផ្សារកំពតយកមកលក់ឲ្យក្នុងតម្លៃថោកៗ ទើបពួកគេសុខចិត្តយកប្លង់ដីស្រែទៅដាក់បញ្ចាំដើម្បីបានលុយយកមកធ្វើដើមរកស៊ី ដោយបាននាំយកប្រភេទយីហ៊ឺ និងបបែលនេះទៅលក់នៅតាមបណ្តាខេត្តឆ្ងាយៗ ដើម្បីទទួលបានកម្រៃសមរម្យ។ ពួកគេបានបន្តទៀតថា ថ្មីៗនេះមានក្រុមតាក់ស៊ីមួយចំនួនបានប្រាប់ថាឲ្យទៅលក់នៅខេត្តបាត់ដំបងគឺអាចលក់ដាច់ ទើបពួកគេបាននាំយកទំនិញទាំងនេះឆ្ពោះមកទិសដៅខាងលើដើម្បីជិះកង់ដើរលក់តាមភូមិ ដោយលក់ចាប់ពីទឹកដីខេត្តពោធិ៍សាត់ រហូតមកដល់ខេត្តបាត់ដំបងគឺមានរយៈពេលប្រមាណជាង១០ថ្ងៃមកហើយ ប៉ុន្តែផ្ទុយទៅវិញមិនដូចជាពាក្យគេថានោះទេគឺលក់មិនសូវដាច់សោះ។ បើតាមប្រភពព័ត៌មានពីសន្តិសុខផ្ទៃក្នុងបានឲ្យដឹងថា នៅក្នុងសកម្មភាពនៃការត្រួតពិនិត្យរបស់លោកព្រះរាជអាជ្ញា ក៏ដូចជាលោកនាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច គឺបានរកឃើញថាយីហ៊ឺ និងបបែលទាំងនោះ ផ្សំពីសារធាតុប្លាស្ទិក និងជាតិកៅស៊ូ ព្រោះនៅពេលធ្វើការដុតជាមួយនឹងភ្លើងសាកល្បងឃើញថាមានការរួញឈ្ងៀមហើយឆេះ។ នេះសបញ្ជាក់ឲ្យឃើញថារបស់ទាំងនេះគឺជារបស់ក្លែងក្លាយ ដែលអាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពអ្នកដែលទិញយកទៅបរិភោគបានយ៉ាងងាយ។ ប្រភពព័ត៌មានពីសន្តិសុខផ្ទៃក្នុងដដែលបានបញ្ជាក់ថា បន្ទាប់ពីបានប្រឹក្សាយោបល់រវាងលោកព្រះរាជអាជ្ញា និងការិយាល័យជំនាញរួចមក វត្ថុតាងរួមមានយីហ៊ឺ និងបបែលសរុបទម្ងន់១៦០គីឡូក្រាម និងហៃប៊ីទម្ងន់៧,៥០គីឡូក្រាម ត្រូវបានដកហូតដើម្បីធ្វើការដុតបំផ្លាញចោល។ ចំណែកមនុស្សទាំង៤នាក់ដែលប្រកបមុខរបរនេះ លោកព្រះរាជអាជ្ញាសម្រេចមិនឃុំខ្លួននោះទេ ដោយតម្រូវឲ្យធ្វើកិច្ចសន្យានិងបញ្ឈប់សកម្មភាពរកស៊ីនូវមុខរបរ ដែលមានភាពមិនប្រក្រតីបែបនេះតទៅទៀត បើទោះបីជាអ្នកលក់ទាំង៤នាក់នេះបានបដិសេធថា មិនដឹងថាមានសារធាតុជ័រ ឬប្លាស្ទិកយ៉ាងណាក៏ដោយ។ ពាក់ព័ន្ធនឹងករណីខាងលើនេះ សូមប្រជាពលរដ្ឋទាំងអស់បង្កើននូវការប្រុងប្រយ័ត្នមុននឹងទិញរបស់នេះយកទៅបរិភោគ ពោលគឺត្រូវពិនិត្យឲ្យបានហ្មត់ចត់ជៀសវាងការទិញប៉ះរបស់ក្លែងក្លាយវានាំឲ្យប៉ះពាល់ដល់សុខភាព៕ ប្រភពដើម ពីកម្ពុជាថ្មី