គំរោងធ្វើបារាយណ៍របស់សម្តេចសង្ឃរាជទេពរង្ស នៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប មានការចម្រូងចម្រាសតាំងពីការចាប់ផ្តើមរហូតដល់បច្ចុប្បន្ន ដោយមានមតិពីរផ្ទុយគ្នា១-លោក ក្អោមរ៉ន ចៅសង្កាត់ជ្រាវ លោក គង់ មង្គល ប្រធានសហគន៍ជ្រាវ និងលោក គង់ បឹប ក្រុមប្រឹក្សាសង្កាត់ជ្រាវ អះអាងថា ជាគំរោងរបស់សម្តេចសង្ឃរាជប្រគល់អោយ មានច្បាប់គ្រប់គ្រាន់ ២-ប្រជាពលរដ្ឋនៅសង្កាត់ជ្រាវ ថាការជីកកកាយដីធ្វើបារាយណ៍នេះមិនមែនជាគំរោងរបស់សម្តេចសង្ឃទេ ជាគំរោងរបស់អ្នកមានលុយមានអំណាចជាមួយអាជ្ញាធរដែនដីឃុបឃិតគ្នាជាប្រព័ន្ធក្នុងការជីកយកអាចម៌ដីលក់យកលុយដាក់ហោប៉ៅតែប៉ុណ្ណោះ?
យោងតាមឯកសារបែកធ្លាយដែលអ្នកយកព័ត៌មានយើងទទួលបានកាលពីថ្ងៃទី១៦ ខែមិនាឆ្នាំ២០១៩ ម្សិលមិញមានដូចតទៅ៖
១-ស.ជ.ណ លេខៈ៩៤៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ បានជម្រាបជូន៖
-ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
-ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម
-ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប
សម្រេចកាត់ដីដែលមានទំហុំ ២៨៨.៦០៣ ហិកតាដែលជាដីសហគមន៍កសិករប្រើប្រាសទឹកអាងទំនប់ទឹកជ្រាវ ថ្វាយសម្តេចព្រះសង្ឃរាជ ទេពវង្ស ដើម្បីធ្វើការអភិវឌ្ឍន៍ វត្តអារាម មន្ទីរពេទ្យ បណ្តាល័យ សាលារៀន សារៈមន្ទីរ អគារស្នាក់នៅរបស់វត្ត សួនច្បារ ជាដើម ដែលផ្តល់ប្រយោជន៍ដល់សាធារណជន ដោយមិនកែប្រែស្ថានភាពដីពីដី សាធារណ:របស់រដ្ឋ ទៅជាដីឯកជនរបស់រដ្ឋទេ។
២-លិខិតរបស់ សម្តេចសង្ឃរា ទេព វង្ស លេខ ០៥៧/១៧ ចុះថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៧ សម្រេច តែងតាំងលោក គង់ មង្គល ជាទីប្រឹក្សាផ្ទាល់របស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិតី ទេព វង្ស និងជាប្រធានទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍អាងទំនប់៧៨ និងតំបន់អភិរក្សបឹងពារាំង ស្ថិតក្នុង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
៣-លិខិតរបស់ សម្តេចសង្ឃរា ទេព វង្ស គ្មានលេខ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ស្តីពី ការនិរាករណ៍លិខិតប្រគល់សិទ្ធិលេខ០៥៦/១៧ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ សម្រេចដកសិទ្ធិពីលោក គង់ មង្គល ពីគំរោងអភិវឌ្ឍន៍ខាងលើ ព្រោះលោក គង់ មង្គល ខកខាន និងមិនអាចធ្វើការអភិវឌ្ឃន៍តាមផែនការ និងគោលការណ៍ឱ្យបានដល់គោលដៅ។
៤-លិខិត លេខ ពិសេស របស់សម្តេចព្រះសង្ឃរាជ ទេព វង្ស ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ សម្រេច ប្រទានសិទ្ធិទាំងស្រុងជូន ឯកឧត្តម អ្នកឧកញ្ញា ឡាញ់ ភារ៉ា អគ្គនាយកក្រុមហ៊ុនគ្រីនខេមបូឌា ប្រភើធី អ៊ីនវេសមេន ឯក.និងជាឯកឧត្តមទីប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ដើម្បីធ្វើការអភិវឌ្ឍន៍ និងកសាងសមិទ្ធិផល នៅក្នុងមជ្ឈមណ្ឌល់វត្តអរុណសួស្តី ដែលប្តូរមក វត្តវប្បធម៌សន្តិភាព លើផ្ទៃដីទំហុំ ២៨៨ហិកតា ស្ថិតនៅចំណុច ០៣ភូមិ ក្នុងនោះមានភូមិជ្រាវ ភូមិតាចេក និងភូមិបុស្សក្រឡាញ់ ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលរាជរដ្ឋាភិបាលសម្រេចឯកភាពថ្វាយ និងប្រគេនតាមរយះលិខិតលេខ ៩៤៩ សជណ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ របស់ទីស្តីការគណះរដ្ឋមន្ត្រី។
តាមរយះលិខិតនេះ ឯកឧត្តម ឧកញ្ញា ឡាញ់ ភារ៉ា មានសិទ្ធិពេញលេញក្នុងការចាត់ចែងការងារអភិវឌ្ឍន៍និងកសាងសមិទ្ធិផ្សេងៗនៅក្នុងមជ្ឍមណ្ឌលវត្តវប្បធម៌សន្តិភាពចាប់ពីថ្ងៃឡាយព្រះហត្ថលេខេនេះតទៅ។
អាស្រ័យហេតុនេះ សូមអាជ្ញាធរមានសមត្ថកិច្ច ស្ថាប័ណពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋសហការរីករាយជាមួយឯកឧត្តម អ្នកឧកញ្ញា ឡា្ញញ់ ភារ៉ា និងចាត់ចែងអនុវត្តអោយមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃឡាយព្រះហត្ថលេខានេះតទៅ។
លោក គង់ បឹប ប្រធានក្រុមប្រឹក្សាសង្កាត់ជ្រាវ បានប្រាប់អ្នកយកព័ត៌មានយើងថា គំរោងដែលកំពុងជីកដី ទំហុំ២០ហិកតា ជម្រៅ៥ម៉ែត្រ លក់ចេញក្នុងតម្រៃ២ម៉ឺន៥ពាន់ដុល្លារក្នុង១ហិកតា គឺដើម្បីយកលុយអោយថ្ងៃគ្រឿងចក្រដែលជួលពីក្រុមហ៊ុនផ្សេងៗ ហើយដើម្បីរៀបចំធ្វើខ្នងទំនប់ដែលមានទទឹងទំហុំ១រយម៉ែត្រ និងបណ្តោយជាង២ពាន់ម៉ែត្រ សម្រាប់ជួលអោយអ្នកវិនិយោគ យកលុយមកអភិវឌ្ឍន៍សង្កាត់ជ្រាវ។ លោក គង់ បឹប បន្តថា ការជីកដីធ្វើបារាយណ៍នេះ គឺធ្វើដោយខ្លួនឯង មានរូបលោកផ្ទាល់ជាអ្នកកាន់លុយ លោក ក្អោបរ៉ន ចៅសង្កាត់ជ្រាវ លោក គង់ មង្គល់ ប្រធានសហគមន៍ជ្រាវ និងមានការផ្តិតមេដៃគាំទ្រពីមេភូមិទាំង៧ភូមិផងដែរ។ លោក គង់ បឹប បន្ថែមថា ការសាងសង់អាគារផ្សេងៗជារឿងរបស់សម្តេចសង្ឃរាជទេពវង្ស លោកមិនជាប់ពាក់ព័ន្ធនឹងគំរោងនោះទេ។
សូមបញ្ជាក់ផងដែរថា បើយោងតាមសម្តីអ្នកនាំពាក្យរបស់សម្តេចសង្ឃរាជទេពវង្ស តាមយោងតាមឯកសារខាងលើ និងសម្តីរបស់លោក គង់ បឹប សរបញ្ជាក់អោយឃើញថា ការជីកដីធ្វើបារាយណ៍នៅសង្កាត់ជ្រាវនាពេលបច្ចុប្បន្ននេះ មិនមែនជាគំរោងរបស់សម្តេចព្រះសង្ឃរាជទេ គឺជាគំរោងក្លែងក្លាយកាយយកដីលក់យកលុយដាក់ហោប៉ៅផ្ទាល់ខ្លួនហើយ។
ពលរដ្ឋនៅសង្កាត់ជ្រាវសូមអំពាវនាវ ដល់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប គ្រប់មន្ទីរ ក្រសួងពាក់ព័ន្ធ សម្តេច ស ខេង សម្តេច ហ៊ុន សែន និងអង្គភាពប្រឆាំងអំពើរពុករលួយមេត្តា ត្រួតពិនិត្យ ការជីកយកអាចម៌ដី ធ្វើបារាយណ៍ខាងលើនេះផង៕ ដោយ៖ ផ្លុងរ៉េត