ជនសង្ស័យឈ្មោះ ទង តាំង ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិជ័យជេត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប បានប្រើប្រាសអាវុធអាកា៤៧ បាញ់អ្នកឆក់ត្រីម្នាក់ក្នុងចំណោមបីនាក់ឱ្យរងរបួសធ្ងន់នៅចំណុចចម្ងាយពីភូមិតាច្រនៀង ឃុំកំពង់ឃ្លាំងប្រហែលប្រាំរយម៉ែត្រ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០២:៣០នាទីយប់។
ក្រុមអ្នកនេសាទសាទខុសច្បាប់ដោយប្រើម៉ាស៊ីនឆក់ត្រីមានគ្នាបីនាក់ ១.ឈ្មោះ ឈុន ណៃ ភេទប្រុស អាយុ២៩ឆ្នាំ ២.ឈ្នោះ ហ៊ិន ខា ភេទប្រុស អាយុ៣១ឆ្នាំ និង ៣.ឈ្មោះ ថែ គឹមហ៊ុន ភេទប្រុស អាយុ២៣ឆ្នាំ បាននាំគ្នាជិះកាណូតទៅដល់ចំណុចកើតហេតុខាងលើ រួចក៏នាំគ្នាឆក់ត្រី។ មិនយូរប៉ុន្មានដំណឹងនេះបានលេចលឺដល់ក្រុមកម្មករជលផលបីនាក់ ស្ថិតក្រោមការគ្រប់គ្រងរបស់លោក ស ម៉ាប់ នាយផ្នែករដ្ឋបាលជលផលស្រុកសូទ្រនិគម ដែលនៅប្រចាំការនៅផែបណ្តែតទឹកដែលមានទីតាំងចំណុចអ្នកតាក្រញ៉ាញ់ក្នុងឃុំកំពង់ឃ្លាំង។ ក្រុមកម្មករជលផលទាំងបីនាក់នោះ ១.ឈ្មោះ ទង តាំង ភេទប្រុស អាយុ៦១ឆ្នាំ នៅភូមិជ័យជេត ឃុំកំពង់ឃ្លាំង ២.ឈ្នោះ ព្រិន ព្រីង ភេទប្រុស អាយុ៣១ឆ្នំា នៅភូមិផ្សារឃ្លាំង ឃុំកំពង់ឃ្លាំង និង ៣.ឈ្មោះ តាំង ធី ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិអូរតាពុត ឃុំកំពង់ឃ្លាំង បាននាំគ្នាអ៊ុំទូកសំដៅទៅជនរងគ្រោះ ដោយឈ្មោះ ទង តាំង ជាអ្នកកាន់កាំភ្លើង។ ទៅដល់កន្លែងកើតហេតុក្រុមកម្មករជលផលបានប្រវាយប្រតប់គ្នាជាមួយជនរងគ្រោះ ឃើញដូចនោះឈ្មោះ ទង តាំង បានលើកកាំភ្លើងបាញ់សំដៅទៅជនរងគ្រោះមួយគ្រាប់ បណ្តាលឱ្យមានរបួស តែជនរងគ្រោះបានរត់គេចខ្លួនបាត់ ជាមួយគូកនម្នាក់ទៀត នៅសល់តែឈ្មោះ ហ៊ិន ខា ត្រូវបានក្រុមកម្មករជលផលចាប់យកទៅផែ ហើយក្រុងកម្មករជលផលបានខលទូរស័ព្ទរាយការណ៍ទៅលោក ស ម៉ាប់ តែទូរស័ព្ទរោទ៍ពុំមានអ្នកលើក បន្ទាប់មកទើបរាយការណ៍ទៅលោក លីម អនុប្រធានសង្កាត់ជលផលខេត្តសៀមរាប ខណ:នោះលោក លីម បានបង្គាប់ឱ្យក្រុមកម្មករជលផលដោះលែងឈ្មោះ ហ៊ិន ខា ឱ្យត្រឡប់ទៅផ្ទះវិញ ដក់ហូតតែឧប្បករណ៍នេសាទខុសច្បាប់តែប៉ុណ្ណោះ។
លុះម៉ោង៤:០០នាទីទៀបភ្លឺលោក ស ម៉ាប់ នាយផ្នែករដ្ឋបាលជលផលស្រុកសូទ្រនិគម បានខលទូរស័ព្ទប្រាក់ទៅឈ្មោះ ទង តាំង ហើយថា លោកបានបាញ់ត្រូវអ្នកឆកត្រីម្នាក់ក្នុងចំណោមបីនាក់នោះ។ លឺដូច្នេះលោក ទង តាំង ក៏ពុំបានរត់គេចខ្លួនទេ រហូតដល់ប៉ូលីសប៉ុស្តិ៍នាំខ្លួនទៅសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើ។
ជនសង្ស័យឈ្មោះ ទង តាំង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១វេលាម៉ោង២និង៣០នាទី នៅចំណុចតាក្រញ៉ាញ់ ក្នុងភូមិតាច្រនៀង ឃុំកំពង់ឃ្លាំង ពីបទ ប្រើហឹង្សាមានស្ថានទម្ងន់ទោសដោយប្រើប្រាសអាវុធ (កាំភ្លើង) ហើយរហូតមកដល់រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ជនសង្ស័យឈ្មោះ ទង តាំង កំពង់ត្រូវបានឃាត់ខ្លួននៅឯអធិការដ្ឋានស្រុកសូទ្រនិគមនៅឡើយ នេះបើយោងតាមសម្តីរបស់លោក ស ម៉ាប់ នាយផ្នែករដ្ឋបាលជនផលស្រុកសូទ្រនិគម។
លោក ព្រិន សាវិន នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទនៅរសៀលដដែលនេះថា លោកពុំទាន់បានទទួលព័ត៌មានច្បាស់ការនៅឡើយទេ។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តសៀមរាប ក៏បានប្រាប់តាមទូរស័ព្ទនៅរសៀលនេះផងដែរថា លោកពុំទាន់បានទទួលឯកសារពាក់ព័ន្ទពីថ្នាក់ក្រោមនៅឡើយដែរ។
លោក សែម សារឿន អធិការរង នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានប្រាប់តាមទូរស័ព្ទនៅរសៀលនេះដែរថា លោកពុំអាចបកស្រាយបានទេរឿងខាងលើនេះ ព្រោះមានអធិការរងម្នាក់ផ្សេងទៀតជាអ្នកទទួលបន្ទុកជំនួសលោកអធិការ ទេព ចាន់ណា។
កាសែតកម្ពុជាសុវណ្ណភូមិពុំអាចសុំការអធិប្បាយពីលោកអធិការរងស្រុកសូទ្រនិគម ជា ចាន់ឌី ដែលទទួលកិច្ចការជំនួសលោកអធិការ ទេព ចាន់ណា បានទេនៅថ្ងៃដដែលនេះ ព្រោះគ្មានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង។
លោក យិន ស្រាង អ្នកនាំពាក្យឱ្យសាលាដំបូងខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទថា លោកពុំទាន់អាចពន្យល់បានទេ ពាក់ព័ន្ធទៅនឹងលោក ស ម៉ាប់ នាយផ្នែករដ្ឋបាលជលផលស្រុកសូទ្រនិគម ប្រគល់អាវុធឱ្យទៅជនគ្មានតួនាទីយកទៅប្រើប្រាសខាងលើនេះ ព្រោះតុលាការពុំទាន់បានទទួលសំណុំរឿងនេះនៅឡើយទេ។
បើយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៩ មាត្រា ២១៨ ស្តីពី ស្ថានទម្ងន់ទោស បានចែងថា ”អំពើហឹង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ព័ន្ធនាគារពី ពីរឆ្នាំ ទៅប្រាំឆ្នាំ និងពិន័យជាប្រាក់ពី បួនលានរៀល ទៅ ដប់លានរៀល កាលបើអំពើហឹងហ្សានេះបានប្រព្រឹត្ត:
១.ដោយមានការគិតទុកជាមុន
២.ដោយប្រើអាវុធ ឬ គំរាមកំហែងនឹងអាវុធ។
៣.ដោយមានមនុស្សជាច្រើននាក់ក្នុងឋាន:ជាចារី សហចារី អ្នកផ្តើមគំនិត និង ជាអ្នកផ្សំ
គំនិត។
ពលរដ្ឋកំពុងងឿងឆ្ងល់ថា ហេតុអ្វីបានជាលោក ស ម៉ាប់ នាយផ្នែករដ្ឋបាលជលផលស្រុកសូទ្រនិគមហ៊ានប្រគល់អាវុធឱ្យទៅក្រុមកម្មករជលផលទាំងបីរូបខាងលើក្នុងការប្រើប្រាសបង្រ្កាបបទល្មើសទៅវិញ ព្រោះកម្មករទាំងបីរូបនេះមិនមែនជាមន្ត្រីគនរបាលយុត្តិធម៌នោះទេ? ម្យ៉ាងវិញទៀតលោក ស ម៉ាប់ ដែលជាម្ចាស់កាំភ្លើងខាងលើនេះ តើតុលាការខេត្តសៀមរាបចាត់ការយ៉ាងណាដែរបើយោតាម ក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ និង ច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ឆ្នាំ២០០៥ក្នុងមាត្រា ២០?៕ ដោយ៖ ផ្លុងរ៉េត