ស្ពានថ្មមួយកន្លែង ឈ្មោះស្ពានអូរគគីរ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០៦-១០៧ ត្រូវបានគេដាក់គ្រឿងបំផ្ទុះ បណ្តាលឱ្យខូចខាតប្រេះធ្នឹមសសរស្ពានកាលពីវេលាម៉ោង៩និង៥៥ នាទីយប់ថ្ងៃទី២៩ សីហា ២០១២ បង្កឱ្យមានការភ្ញាក់ផ្អើល ស្ថិតក្នុងភូមិត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាប់ព្រំប្រទល់ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។
មកដល់ព្រឹកថ្ងៃទី៣០ខែសីហានេះ គេសង្កេតឃើញអាជ្ញាធរខេត្តកំពង់ស្ពឺ មានប៉ូលិស-ប៉េអឹមសហការជាមួយអាជ្ញាធរស្រុកកំពង់សិលា ខេត្តព្រះសីហនុ ចុះត្រួតពិនិត្យការខូចខាត និងពិនិត្យមើលទ្រង់ទ្រាយនៃការបំផ្ទុះ ព្រមទាំងប្រកាសស្វែងរកមុខសញ្ញាភេរវជនផង ដើម្បីចាប់ខ្លួនផ្តន្ទាទោស ។
មន្ត្រីនគបាលបាននិយាយថា សសរធ្នឹមស្ពានបានប្រេះ និងបែកបន្តិច ហើយកំរាលកៅស៊ូខាងលើប្រេះប្រហែល១ម៉ែត្រ វាមិនទាន់ឈានទៅដល់ការស្រុត ឬទ្រេតតួស្ពាននោះទេ ប៉ុន្តែយើងបារម្ភរថយន្តធុនធ្ងន់ ដូចជាកុងតឺន័របើកឆ្លងកាត់ទន្ទ្រាំច្រើនលើកច្រើនសាផងដែរ ។
នគបាលឱ្យដឹងទៀតថា អ្នកដាក់គ្រឿងបំផ្ទុះនោះពិតជាមានជំនាញខាងធ្វើគ្រាប់បែកច្នៃ ឬបង្កើតគ្រឿងផ្ទុះដោយម្សៅ TNT បើតាមការពិនិត្យទៅលើការបំផ្ទុះស្ពានអូរគគីរនេះ ឃើញថា ភេរវជនប្រើម្សៅ TNT លាយជាមួយជីអ៊ុយរ៉េ ដាក់ពេញប៊ីដុង៣០លីត្រ និងដាក់គីបផ្ទុះត្រឹមត្រូវ រួចហើយគេចុចបំផ្ទុះតែម្តង ។ គ្រឿងបំផ្ទុះនេះវាផ្ទុះប្រហែលពាក់កណ្តាលប៉ុណ្ណោះ ទើបធ្វើឱ្យមានការខូចខាតស្ពានតិចតួច ប៉ុន្តែប្រសិនបើវាផ្ទុះទាំងអស់វិញ ស្ពានថ្មមួយនេះអាចនឹងបាក់ ឬខូចខាតធ្ងន់ធ្ងរប៉ះពាល់ដល់ការធ្វើចរាចរណ៍ជាមិនខាន ។
តាមប្រភពព័ត៌មានបានសន្និដ្ឋានថា ការដាក់គ្រឿងបំផ្ទុះនេះ គឺភេរវជនប៉ុនប៉ងបំផ្លាញស្ពានដែលជាចរន្តសេដ្ឋកិច្ចដ៏សំខាន់លើ កំណាត់ផ្លូវជាតិលេខ៤ នេះតែម្តង ដើម្បីបង្អាក់ដំណើរដឹកជញ្ជូន និងចរន្តសេដ្ឋកិច្ច ៕
ថ្ងៃនេះ | 4603 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 33162 | នាក់ |
ខែនេះ | 180790 | នាក់ |
ឆ្នាំនេះ | 3763450 | នាក់ |
សរុប | 53123376 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 17:53 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net