លោក ចាបសុផារិទ្ធ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ កំពុងតែសប្បាយ ក្នុងការប្រមូលលុយក្រោមតុពីក្រុមឈ្មួញរកស៊ីនាំទំនិញខុសច្បាប់ចូលពីប្រទេសថៃ មកកម្ពុជាតាមច្រកមួយចំនួន ដែលនាំអោយបាត់បង់ចំណូលរបស់រដ្ឋ ហើយទង្វើរបស់លោក ចាបសុផារិទ្ធ នេះត្រូវបានគេសង្ស័យថា កំពុងតែផ្គើនទៅនិងបទបញ្ជារស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
បើយោងតាមក្រុមអ្នករកស៊ី និងបងប្អូនប្រជាពលរដ្ឋបាននិយាយថា ស្រុកក្រុងចំនួន ៥ ក្នុងខេត្តបន្ទាយមានជ័យ នៅតាមបណ្តោយជាយដែនរួមមានស្រុកថ្មពួក ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ ស្រុកស្វាយចេក ជាពិសេសក្រុងប៉ោយប៉ែត គឺក្រុមឈ្មួញទុច្ចរិកំពុងនាំចូលម៉ូតូគេចពន្ធ និងទំនិញគេចពន្ធគ្រប់ប្រភេទ ដូចជាសាច់មាន់ខូចគុណភាព និងគ្រឿងឧបភោគបរិភោគជាច្រើនទៀត មកពីប្រទេសថៃយ៉ាងគគ្រឹកគគ្រេង តែលោកចាបសុផារិទ្ធហាក់សង្ងំស្ងៀមរងចាំទទួលលាភសការៈពីមន្រ្តីក្រោមឱវាទរបស់ខ្លួនទៅវិញមិនអើពើទៅនិងបទបញ្ជារបស់ថ្នាក់លើទាល់តែសោះ។
តាមប្រភពខាងលើបានបញ្ជាក់ថា កាលពីពេលថ្មីៗនេះការបង្កព្យុះភ្លៀងយ៉ាងអនាធិបតេយ្យរបស់មេប៉ូលិសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យលោក ចាប សុផារិទ្ធិ ទំនងអាងខ្នងបង្អែកទើបមិនដែលក្រែងញញើតអំពីច្បាប់ទំលាប់ ឬថ្នាក់លើឡើយ។
ពលរដ្ឋខេត្តបន្ទាយមានជ័យ តែងតែរំពឹងទុកថា លោក អាត់ខែម ជាស្នងការខេត្ត ដែលទើបឡើងថ្មីនេះ នឹងធ្វើការកែទម្រង់លុបបំបាត់ភាពអនាធិបតេយ្យ នៃការដាក់ប៉ុស្តិ៍ជជុះ គាបជរមិតក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញ ឱ្យបង់លុយពីតាមរយៈ នគរបាលសេដ្ឋកិច្ច ឱ្យមានប្រសិទ្ធភាពផង។
មិនតែប៉ុណ្ណោះប្រជាពលរដ្ឋក៏បានអោយដឹងថា គោលដៅទី១ហួសស្ពានទឹកថ្លា ប្រមាណជាង ១០០ម៉ែត្រ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសេរីសោភ័ណ គេឃើញប៉ូលិស១ក្រុមគ្រប់គ្រងដោយលោក ទិត្យ ណារិន ធ្វើសកម្មភាពក៏មិនធម្មតាទេ ដែលធ្វើឱ្យក្រុមអ្នករត់តាក់ស៊ី អ្នកដឹកទំនិញស្ទើរស្រែកយំរាគនោមគ្រប់ៗគ្នា ។ ឯគោលដៅទី២ នៅចំណុចគល់ស្ពានសែនសិន ស្ថិតនៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណដែរ នៅជិតស្នងការខេត្តបន្ទាយមានជ័យផង ដែលលោកស្នងការក៏បានមើលឃើញក្រុមនេះគ្រប់ពេលវេលា។
ប្រភពពីក្រុមប្រជាពលរដ្ឋដដែលក៏បាន លើកឡើងថា ពេលខ្លះគ្រាន់តែដឹកអាចម៍មាន់ អាចម៍គោ យកទៅ ធ្វើជី ដាក់ដំណាំក៏ក្រុមរបស់លោក ចាប សុផារិទ្ធ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ ចេញរថយន្តតាមប្រដេញឱ្យចូលបង់លុយចំនួន ២ម៉ឺនរៀល ឬ ៤ម៉ឺនរៀលផងដែរ បើទោះបីជាដឹងថា ប្រជាពលរដ្ឋដឹកត្រឹមអាចម៍មាន់ អាចម៍គោ មិនមែនជាទំនិញដែលត្រូវបង់ពន្ធ ឬជាទំនិញខុសច្បាប់ក៏ដោយ។
ពលរដ្ឋសំនូមពរទៅឯកឧត្តម នេតសាវឿនអគ្គស្នងការនគរបាលជាតិ និងលោក សខេង ឧប្បនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាមេត្តាត្រួតពីនិត្យលោក ចាបសុផារិទ្ធ ផង កុំអោយធ្វើអ្វីអាណាធិបតេយ្យបែបនេះ ព្រោះវាអាចប៉ះពាល់ដល់ពលរដ្ឋក្រីក្រ និងខូចកិត្តិយសដល់ថ្នាក់ដឹកនាំ។
យើងពុំទាន់អាចសុំការបកស្រាយពីលោក ចាបសុផារិទ្ធ បានទេនៅព្រឹកថ្ងៃទី២៥នេះព្រោះមិនមានលេខទូរស័ព្ទសំរាប់ធ្វើការទំនាក់ទំនង៕ ដោយ៖ សៀ-វិចិត្រ
ថ្ងៃនេះ | 6346 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 34905 | នាក់ |
ខែនេះ | 182533 | នាក់ |
ឆ្នាំនេះ | 3765193 | នាក់ |
សរុប | 53125119 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 19:42 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net