ប្រជាពលរដ្ឋខ្មែរជាច្រើនជំនាន់ សុទ្ធតែបានស្គាល់ពីគុណប្រយោជន៍នៃដើមរាំងទឹក ដែលភាគច្រើនដុះនៅជុំវិញបឹងទន្លេសាប និងដុះនៅតាមបឹង អូរ ត្រពាំង តែបច្ចុប្បន្នដើមរាំង គឺជាមុនស្នេហ៍ទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនមកកម្សាន្តទិដ្ឋភាពដ៏ស្រស់ស្អាត នៃបឹងទន្លេសាប ក្នុងនោះផ្ទៃទឹកទន្លេសាប រួមទាំងដើមរាំងទឹករាប់ម៉ឺនរាប់សែនដើម ដែលដុះត្រៀបត្រាជាជួរក្នុងផ្ទៃទឹក បានបង្ហាញឲ្យឃើញពណ៌ចម្រុះ បញ្ជេញនូវរស្មីចាំងភ្លេតៗពីស្លឹករាំង ដែលមានខ្លះស្លឹកខ្ចី ខ្លះស្លឹកចាស់។
មិនតែប៉ុណ្ណោះទិដ្ឋភាពបឹងទន្លេសាប ដែលប្រកបដោយដើមរុក្ខជាតិជាច្រើន ដែលបានដុះនៅក្នុងទឹក ហើយកំពុងតែធ្វើឲ្យភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ មានចំណាប់អារម្មណ៍ចង់ឃើញចង់ស្គាល់ ពីគុណប្រយោជន៍របស់ដើមរាំងទឹក ដែលប្រជាពលរដ្ឋខ្មែរ តែងតែយកត្រួយរាំងមកហូបជាមួយម្ហូបអាហារ ពិសាជាមួយនំបញ្ចុក ទឹកគ្រឿង នំបាញ់ឆែវ ដែលមានរស់ជាតិឆ្ងាញ់ ដែលត្រូវបានគេដឹងថា ជាឱសថបុរាណជួយដល់អ្នកកើតរោគក្រពះ និងអ្នកមានជំងឺរាក់រូសទៀតផង។
លោក ចាន់ ធី ជាអ្នកនេសាទស្ថិតនៅក្នុងភូមិចុងឃ្នៀស សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប បានឲ្យដឹងថា ដើមរាំងទឹក មានមុខងារសំខាន់ណាស់ក្នុងការជួយជាជម្រករបស់មឆ្ឆាជាតិក្នុងការបន្តពូជពងកូន ហើយកម្រនឹងឃើញមានដុះនៅផ្នែកខាងលើនៃវាលភ្នំ តែបច្ចុប្បន្នដើមរាំង ត្រូវបានគំរាមកំហែងប្រឈមមុខនឹងហិចហោច ដោយសារតែនៅរដូវប្រាំងមានអ្នកនេសាទដុតព្រៃលិចទឹកចាប់សត្វអណ្តើក សត្វពស់ និងការកាប់ព្រៃទម្លាក់ទុកឲ្យងាប់ រួចយកមកធ្វើជាអុស។ មិនតែប៉ុណ្ណោះដើមរាំងទឹក បច្ចុប្បន្នកំពុងតែប្រឈមនឹងការគាស់យកទាំងឫសដឹកចេញទៅលក់នៅក្រៅប្រទេស ដោយសារមានការលបលួច និងឃុបឃិតគ្នាពីសំណាក់អ្នកមានអំណាច។
ប្រជាពលរដ្ឋបានសំណូមពរឲ្យ ឯកឧត្តម ណៅ ធួក ប្រធានរដ្ឋបាលជលផល មេត្តាជួយទប់ស្កាត់នូវទង្វើដូចខាងក្រោម ដើម្បីថែរក្សាព្រៃលិចទឹក សម្រាប់ការបន្តពូជរបស់មឆ្ឆាជាតិ ក៏ដូចជាការថែរក្សាអភិរក្សដើមរាំងទឹក សម្រាប់លម្អសោភ័ណភាពនៃបឹងទន្លេសាប ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តកាន់តែច្រើន៕
ថ្ងៃនេះ | 3552 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 32111 | នាក់ |
ខែនេះ | 179739 | នាក់ |
ឆ្នាំនេះ | 3762399 | នាក់ |
សរុប | 53122325 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 16:08 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net