តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុសស្រីចំនួន៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ គ្របដណ្ដប់លើ៣ឃុំ ក្នុងស្រុកកូនមុំ ខេត្តរតនគីរី។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង២០នាទី ព្រឹកព្រលឹមថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៥ ក្រោយពេលភ្លៀងមួយមេធំ បានធ្លាក់ស្ទើរទូទាំងខេត្តរតនគីរី តែរងការប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ធ្ងន់ធ្ងរ មាន៣ឃុំ គឺ ឃុំទឺន ឃុំតាអង និងឃុំត្រពាំងជ្រេះ។
លោក ធៀន ចាន់ធៀង អភិបាលស្រុកកូនមុំ បានអោយដឹងជាបឋមថា ផ្ទះ៧៦ខ្នងត្រូវរងការខូចខាត ក្នុងនោះ១០ខ្នងត្រូវរងការខូចខាតទាំងស្រុង ក្រៅពីនោះគ្រាន់តែរបើកដំបូលតែប៉ុណ្ណោះ ព្រមទាំងបណ្ដាលអោយមនុស្ស៥នាក់រងរបួស ក្នុងនោះប្រុស៣នាក់ និងស្រី២នាក់ ហើយផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋ រងការបំផ្លាញអស់ជាច្រើនហិតា។
ក្រោយពេលកើតហេតុ គេសង្កេតឃើញមាន កម្លាំងនគបាលស្នងការខេត្ត សហការជាមួយកម្លាំងនគរបាលអធិការស្រុកកូនមុំ ព្រមទាំងកងរាជអាវុធហត្ថស្រុក និងកម្លាំងសឹករងស្រុកកូនមុំ ចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ជួយអន្តរាគមន៍ និងដឹកយកអ្នករងរបួសយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ។
នៅវេលាម៉ោង៣រសៀលថ្ងៃដដែល សាខាកាបាទក្រហមខេត្តរតនគីរី បានយកអំណោយ ទៅចែកជូនដល់ក្រុមគ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ទាំង៧៦ គ្រួសារ នៅក្នុងឃុំទាំង៣ ក្នុងស្រុកកូនមុំ ក្នុង១គ្រួសារទទួលបាន មី១កេះ ត្រីខ១យួរ អង្ក៣០គីឡូក្រាម មុងជ្រលុកថ្នាំ១ តង់១ផ្ទាំងដែលមានប្រវែង៣ម៉ែត្រគុន៤ម៉ែត្រ និងថវិការចំនួន១០ម៉ឺនរៀល ចំពោះគ្រួសារដែលត្រូវផ្ទះរលំទាំងស្រុងទទួលបាន២០ម៉ឺនរៀល៕ដោយ៖ ឡុង សៅ
ថ្ងៃនេះ | 3393 | នាក់ |
ម្សិលមិញ | 11935 | នាក់ |
សប្ដាហ៍នេះ | 45951 | នាក់ |
ខែនេះ | 326313 | នាក់ |
ឆ្នាំនេះ | 326313 | នាក់ |
សរុប | 53925209 | នាក់ |
ថ្ងៃទី 30 ខែ 01 ឆ្នាំ 2025 ម៉ោង 15:21 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net