ក្រុមឈ្មួញកំពុងធ្វើសកម្មភាពសម្រុកដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យទៅលក់នៅប្រទេសវៀណាម តាមច្រករបៀងព្រំដែនស្រុកអណ្តូងមាស ហើយការធ្វើអាជីវកម្មដោយពុំស្របច្បាប់នោះមានរយៈពេលច្រើនខែកន្លងទៅហើយ តែសមត្ថកិច្ចនៅក្នុងតំបន់នោះមិនបានទប់ស្កាត់នោះទេ ដែលជាហេតុនាំអោយគេសង្ស័យថា ក្រុមឈ្មួញរកស៊ីខុសច្បាប់ និងសមត្ថកិច្ចប្រហែលជាត្រូវរូវគ្នា។
កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានចុះទៅបង្ក្រាបបានរថយន្តកែច្នៃមួយគ្រឿងដែលផ្ទុកឈើប្រណិតពេញរថយន្តរួចប្រគល់អោយទៅមេព្រៃខេត្តដើម្បីចាត់វិធាការបន្តទៅតាមច្បាប់។
តាមប្រភពបានអោយដឹងថា បច្ចុប្បន្នក្រុមឈ្មួញបានសម្រុកដឹកជញ្ជូនឈើដែលមិនស្របច្បាប់នេះយ៉ាងគគ្រឹគគ្រេងតាមប្រភេទរថយន្តស៊េរីទំនើបនិងរថយន្តកែច្នៃដើម្បីយកទៅលក់អោយវៀតណាមតាមច្រករបៀងភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី យ៉ាងអាណាធិបតេយ្យ រហូតមកដល់ពេលនេះសមត្ថកិច្ចពាក់ព័ន្ធធ្វើប្រងើយមិនមានវិធានការទប់ស្កាត់បង្ក្រាបឡើយ។
ប្រភពបន្តបានឲ្យដឹងថា ការបង្ក្រាបបទល្មើសឈើប្រណិតសមត្ថកិច្ចនៅទីនោះហាក់បីដូចមិនឃើញ ឫក៏ធ្វើមិនដឹងសង្ស័យពួកគេកំពុងតែងងឹតភ្នែកដោយសារតែកញ្ចប់លួងចិត្តពីឈ្មួញទាំងអស់នោះហើយ ទើបមើលអ្វីមិនឃើញបែបនេះ។ ពួកក្រុមឈ្មួញរកស៊ីជំនួញឈើប្រណិតខុសច្បាប់ទាំងអស់នោះកាន់តែបានដៃ ហើយបន្តធ្វើសកម្មភាពខ្លាំងខ្លាថែមទៀត ដោយបានដឹកឈើពីតំបន់ផ្សេងៗយកទៅលក់អោយវៀតណាមធ្វើអាជីវកម្មនៅប្រទេសគេ។ កាលពីវេលាម៉ោងជាង៩យប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥នេះខណៈដែលពួកឈ្មួញកំពុងធ្វើការដឹកជញ្ជូនឈើប្រណិតលេខ១ទៅកាន់តាមច្រករបៀងខាងលើ។
ពេលនោះកម្លាំងប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តដែលមានចំនួន៤នាក់បានចុះទៅបង្ក្រាបហើយឃាត់បានរថយន្តកែច្នៃមួយគ្រឿងដែលកំពុងចរាចរណ៍ដឹកឈើផ្ទុកពេញរថយន្តនោះរួចបញ្ជូនមកស្នងការដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់។
លោក នូវ ដារ៉ា នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានអោយដឹងថា រថយន្តដឹកឈើនោះគឺឈ្មួញបំរុងដឹកយកទៅលាក់ទុកដើម្បីបន្តដឹកជញ្ជូនយកទៅលក់ឲ្យវៀតណាមតាមច្រករបៀងភូមិចង ឃុំញ៉ាង ប៉ុន្តែដឹកទៅដល់ចំណុចភូមិពែង ឃុំញ៉ាង ស្រុកអណ្តូងមាសកម្លាំងយើងបានចុះទៅបង្ក្រាបបានតែរថយន្តកែច្នៃនិងឈើប្រណិតពេញរថយន្តតែតៃកុងរថយន្តបានរត់គេចខ្លួនបាត់។ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានបន្តថា ឈើទាំងអស់នោះរួមមានជិត៣០កំណាត់ មានមុខកាត់ចាប់ពី៤តឹកចុះ មានប្រវែងជាង៣ម៉ែត្រ។ ក្រោយពីធ្វើកំណត់ហេតុរួចឈើនឹងរថយន្តដែលជាភស្តុតាងល្មើសនោះបានប្រគល់ឲ្យទៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្តដើម្បីចាត់វិធានការតាមច្បាប់ព្រៃឈើផងដែរ៕ ដោយ៖ឡុង សៅ
ថ្ងៃនេះ | 3434 | នាក់ |
ម្សិលមិញ | 11935 | នាក់ |
សប្ដាហ៍នេះ | 45992 | នាក់ |
ខែនេះ | 326354 | នាក់ |
ឆ្នាំនេះ | 326354 | នាក់ |
សរុប | 53925250 | នាក់ |
ថ្ងៃទី 30 ខែ 01 ឆ្នាំ 2025 ម៉ោង 15:40 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net