វិស្សមកាល រដូវក្តៅ កាន់តែខិតចូលមកដល់ សហភាពអឺរ៉ុបកំពុងត្រៀមផែនការដើម្បីបើកព្រំដែនទទួលអ្នកទេសចរឡើងវិញ បន្ទាប់ពីអាក់ខាន អស់១ឆ្នាំកន្លះ ដោយសារវិបត្តិកូវីដ។ ប៉ុន្តែ នៅក្នុងគម្រោងបើកទទួលអ្នកទេសចរបរទេស ក្នុងដំណាក់កាលដំបូងនេះ គណៈកម្មការអឺរ៉ុបណែនាំឲ្យប្រទេសសមាជិកអឺរ៉ុប បើកព្រំដែនទទួលតែជនបរទេសណា ដែលបានចាក់វ៉ាក់សាំង ដែលទីភ្នាក់ងារឱសថអឺរ៉ុបបានបើកភ្លើងខៀវ អនុញ្ញាតិឲ្យប្រើប្រាស់តែប៉ុណ្ណោះ។ អាចនិយាយបានថា អ្នកដែលបានចាក់វ៉ាក់សាំង ចិន និងវ៉ាក់សាំង រុស្ស៊ី នៅមិនទាន់អាចទៅធ្វើដំណើរកំសាន្តក្នុងទឹកដី អឺរ៉ុបបានឡើយ នៅរដូវក្តៅខាងមុខនេះ។
ទោះយុទ្ធនាការចាក់វ៉ាក់សាំង ដំណើរការយឺត នៅមិនទាន់ឆ្លើយតបតាមការរំពឹងទុក ប្រទេសមួយចំនួនរបស់សហភាពអឺរ៉ុប ដែលរំពឹងខ្លាំងលើចំណូលពីវិស័យទេសចរណ៍កំពុងគ្រោង បើកទ្វារទទួលអ្នកទេសចរ មកពីប្រទេសក្រៅរង្វង់សហភាពអឺរ៉ុប។ ខណៈសមាជិកអឺរ៉ុបមួយចំនួន បានបើកទ្វារទទួលយកអ្នកទេសចររួចហើយ ប៉ុន្តែ ជាមួយ លក្ខខណ្ឌ។
ដើម្បីទប់ស្កាត់កុំឲ្យ មានភាពអនាធិបតេយ្យ និងការឆ្លងរាលដាលកូវីដ ដោយសារការធ្វើចរាចរណ៍ ដោយសេរី ក្នុងលំហរSchengen គណៈកម្មការអឺរ៉ុបបានស្នើ វិធានការមួយ ដែលប្រទេសសមាជិកអឺរ៉ុបទាំង ២៧ ត្រូវអនុវត្តរួមគ្នា។ នោះ គឺប្រទេសសមាជិកអឺរ៉ុបអាចបើកព្រំដែន សម្រាប់ការធ្វើដំណើរមិនចាំបាច់ ជាមួយប្រទេសដែលមានករណីឆ្លងកូវីដ តិចតួច។
សព្វថ្ងៃនេះ សហភាពអឺរ៉ុបបើកព្រំដែន សម្រាប់តែប្រទេសចំនួន ៦ប៉ុណ្ណោះ ដែលមានដូចជា សិង្ហបុរី ថៃ អូស្ត្រាលី កូរ៉េខាងត្បូង និងនូវែលហ្សេឡង់។
តាមគណៈកម្មការអឺរ៉ុប នៅក្នុងក្របខ័ណ្ឌបើកទ្វារទទួលអ្នកទេសច ឲ្យបានទូលំទូលាយជាងមុន ប្រទេសសមាជិកអឺរ៉ុបអាចបើកព្រំដែនស្វាគមផងដែរ ជនបរទេស ក្រៅរង្វង់សហភាពអឺរ៉ុប បើសិន ពួកគេបានចាក់រួចហើយ វ៉ាក់សាំង បង្ការកូវីដ ដែលទទួលស្គាល់ដោយទីភ្នាក់ងារឱសថអឺរ៉ុប។
សព្វថ្ងៃនេះ ទីភ្នាក់ងារឱសថអឺរ៉ុបបានផ្តល់ភ្លើងខៀវឲ្យប្រើវ៉ាក់សាំង តែ៤ប៉ុណ្ណោះ ក្នុងរង្វង់សហភាពអឺរ៉ុប ដូចជា វ៉ាក់សាំង Pfizer Moderna AstraZeneca និងJonhson&Johnsonចំណែកវ៉ាក់សាំងរុស្ស៊ីSputnik V កំពុងស្ថិតក្នុងបញ្ជីឈ្មោះរង់ចាំការពិនិត្យរបស់ទីភ្នាក់ងារឱសថអឺរ៉ុប។ តាមសំណើរបស់គណៈកម្មការអឺរ៉ុប ប្រទេសសមាជិកអឺរ៉ុបអាចយោងផងដែរ លើបញ្ជីឈ្មោះ វ៉ាក់សាំង ដែលទទួលស្គាល់អង្គការសុខភាពពិភពលោក ដែលតាមពិតគ្មានខុសគ្នាប៉ុន្មានពីបញ្ជីរបស់ទីភ្នាក់ងារឱសថអឺរ៉ុបនោះទេ។
វិធានការស្នើឡើងដោយគណៈកម្មការអឺរ៉ុប នឹងត្រូវដាក់ឲ្យក្រុមប្រឹក្សាអឺរ៉ុបពិភាក្សា ហើយគណៈកម្មការអឺរ៉ុបសង្ឃឹមថា នឹងអាចត្រូវគេបោះឆ្នោត នៅចុងខែឧសភា ដើម្បីដាក់ឲ្យអនុវត្តចាប់ពី ខែមិថុនាតទៅ។
ប្រសិនបើវិធានការស្នើដោយគណៈកម្មការអឺរ៉ុបបោះឆ្នោតអនុម័តឲ្យចាប់អនុវត្តចាប់ពីខែមិថុនាទៅ នោះរាល់អ្នកដំណើរ មិនចាំបាច់ដែល ចង់ឆ្លងចូលទឹកដីអឺរ៉ុប ត្រូវមានលិខិតបញ្ជាក់ថាគេបានចាក់វ៉ាក់សាំង នៅ១៤ថ្ងៃមុនឡើងយន្តហោះ។
នៅពេលវិធានការស្នើឡើងដោយគណៈកម្មការអឺរ៉ុប គ្មានលក្ខណៈចាប់បង្ខំ ប៉ុន្តែ វានឹងអាចប៉ះពាល់ទៅអ្នកដំណើរមកពីប្រទេសជាច្រើន ដែលបានចាក់វ៉ាក់សាំងចិន Sinovac និងវ៉ាក់សាំងរុស្ស៊ីSputnik V ដែលជាវ៉ាក់សាំងមិនទាន់បានការទទួលស្គាល់ ពីទីភ្នាក់ងារឱសថអឺរ៉ុបនៅឡើយ។ គួរបញ្ជាក់ថា ទាំងអង្គការសុខភាព ពិភពលោក និងទីភ្នាក់ងារឱសថអឺរ៉ុប កំពុងពិចារណា នៅខែឧសភា ដើម្បីសម្រេចថា គេត្រូវអនុញ្ញាតឲ្យប្រើវ៉ាក់សាំង រុស្ស៊ី Sputnik Vដែរឬទេ។
ប្រភពព័ត៌មានៈ RFI
ថ្ងៃនេះ | 3421 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 31980 | នាក់ |
ខែនេះ | 179608 | នាក់ |
ឆ្នាំនេះ | 3762268 | នាក់ |
សរុប | 53122194 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 15:48 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net