អង្គកឋិទានក្រសួងព័តមានដង្ហែចេញពីរាជធានីភ្នំពេញតាមរថយន្តក្រុងឆ្ពោះទៅ កាន់ទីអារាមវត្តព្រះពុទ្ធបាទភ្នំដី ស្ថិតនៅក្នុងភូមិឡៅអយ ឃុំឡៅអយ ស្រុកថាទូម ខេត្តសុរិន្ទ រាជាណាចក្រថៃ កាលពីថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំ២០១២ ដែលផ្តួចផ្តើមឡើងដោយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័តមាន រួមជាមួយមន្ត្រីរាជការក្រោមឱវាទ និងអ្នក សារព័តមាន ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ត្រូវបានបញ្ចប់នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆកានេះ ដោយប្រមូលបច្ឆ័យបានជាង ១,៣លានបាត ស្មើនឹងជាង ៤ម៉ឺនដុល្លារអាមេរិក ដើម្បីវេរ ប្រគេនព្រះសង្ឃគង់ចាំវស្សានៅ ក្នុងវត្តព្រះពុទ្ធបាទភ្នំដីនេះ ។
លោកវរសេនីយឯក ចាដឹក នួនមុន្នី អភិបាលរងខេត្តសុរិន្ទ និងជាប្រធានសន្តិសុខ ខេត្តសុរិន្ទ តំណាងចៅហ្វាយខេត្តសុរិន្ទ បានទទួលស្វាគមន៍រាក់ទាក់យ៉ាងកក់ក្តៅ និងថ្លែង អំណរគុណចំពោះលោករដ្ឋមន្ត្រីដែលបានដឹកនាំដង្ហែអង្គកឋិនទានមកកាន់ខេត្តសុរិន្ទដែល ជាការបង្ហាញឲ្យឃើញពីមិត្តភាព សាមគ្គីភាព ប្រទេសជិតខាង និងជាបងប្អូន រវាងប្រទេស ទាំងពីរថៃ-កម្ពុជា ។ លោកវរសេនីយ៍ឯក បានជម្រាបថា ដើមឡើយទីវត្តអារាមនៅទីនេះ ជាទីទួលព្រៃ ក្រោយមកមានព្រះសង្ឃ ព្រះនាម ធម្ម រង្ស៊ី មានដើមកំណើតនៅស្រុកមោង ឬស្សី ខេត្តបាត់ដំបង ប្រទេសកម្ពុជា រួមជាមួយពុទ្ធបរិស័ទរស់នៅជុំវិញទីនេះ បានរួមគ្នា កសាងទីនេះឲ្យក្លាយទៅជាវត្តមួយមានរូបរាងច្បាស់លាស់ ហើយមានពុទ្ធបរិស័ទចេញ ចូលធ្វើបុណ្យទានជាច្រើន ។ ដោយមានការចូលរួមពីពុទ្ធបរិស័ទជិតឆ្ងាយជាបន្តបន្ទាប់ បានធ្វើឲ្យវត្តព្រះពុទ្ធបាទភ្នំដីនេះ ក្លាយជាទីអារាមមួយដែលមានការរីកចំរើនជារៀងរហូត មកដល់បច្ចុប្បន្ន ហើយក៏ជាទីកន្លែងគោរពបូជាពីសំណាក់បងប្អូន និងពុទ្ធបរិស័ទជិតឆ្ងាយ ផងដែរ ពិសេសថ្ងៃនេះបានទទួលនូវកឋិនទានដង្ហែមកពីប្រទេសកម្ពុជាទៀត ដែលធ្វើឲ្យ វត្តនេះទទួលបាននូវបច្ច័យបន្ថែម ដើម្បីកសាងបង្ហើយនូវព្រះពុទ្ធរូបមួយអង្គដែលកំពុង សាងសង់បានប្រមាណជា៥០%នោះ អាចបន្តដំណើរការនិងបញ្ចប់នៅពេលខាងមុខនេះ។
លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ជាច្រើនសតវត្សមកហើយប្រទេស យើងទាំងពីរ កម្ពុជា-ថៃ មានប្រពៃណីជិតស្និតនឹងគ្នា មានភូមិផងរបងជាប់គ្នា និងជាសមា ជិកអាស៊ានតែមួយ ដូច្នេះយើងត្រូវរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងគ្នានិងគ្នាឲ្យបានកាន់តែរឹងមាំ ដើម្បីធ្វើឲ្យប្រទេសជាតិមានការរីកចំរើន កាន់តែសម្បូរ សប្បាយ រុងរឿងជារៀងរហូត ៕
ថ្ងៃនេះ | 4301 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 32860 | នាក់ |
ខែនេះ | 180488 | នាក់ |
ឆ្នាំនេះ | 3763148 | នាក់ |
សរុប | 53123074 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 16:51 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net