សេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិកាលពីខែវិច្ឆិកា ឆ្នាំ១៩៨៩ ស្ដីពីសិទ្ធិកុមារបានចែងថា កុមារត្រូវទទួលបាននូវកិច្ចគាំពារឱ្យជៀសផុតពីអំពើឃោរឃៅ និងការជិះជាន់គ្រប់បែបយ៉ាង។
ប្រទេសកម្ពុជា បានចូលជាសមាជិកនៃអនុសញ្ញានេះតាំងតែពីអំឡុងខែកញ្ញា ឆ្នាំ១៩៩២ មកម្ល៉េះ។ ការចូលជាសមាជិកនៃអនុសញ្ញានេះ គឺជាការសន្យាគោរព និងអនុវត្តន៍តាមមាត្រាទាំងឡាយដែលការពារទៅលើសិទ្ធិកុមារ។
ក៏ប៉ុន្តែបច្ចុប្បន្ន កុមារកម្ពុជា មួយចំនួន នៅតែទទួលរងគ្រោះលើរាងកាយ និងផ្លូវចិត្ត ដោយសារតែអំពើហិង្សាក្នុងគ្រួសារ។ ចំណែកអាជ្ញាធរមូលដ្ឋានតែងតែចាត់ទុកថា ការដែលឪពុក ឬម្តាយ វាយដំលើរូបកាយកុមារធ្ងន់ធ្ងរនោះ គឺជារឿងសង្គមគ្រួសារផ្ទាល់ទៅវិញ។
តើបញ្ហានេះ ផ្លូវច្បាប់ត្រូវមានវិធានការយ៉ាងណា?
កុមារម្នាក់ក្នុងចំណោមបងប្អូនប្រុស២នាក់ ដែលកំព្រាម្តាយ រស់នៅភូមិអង្គរក្រៅ នៃសង្កាត់គោកចក ក្រុងសៀមរាប បានទទួលរងការគ្រាំគ្រារាងកាយយ៉ាងធ្ងន់ធ្ងរ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាជ័យវរ្ម័នទី៧ បន្ទាប់ពីឪពុករបស់គេដែលចូលចិត្តផឹកស្រា បានចាប់ចង និងវាយធ្វើបាបដោយកំហឹង។
អ្នកភូមិអង្គរក្រៅ មួយចំនួន បានឱ្យដឹងថា កុមារាម្នាក់ដែលមានអាយុ ១៧ឆ្នាំ កំពុងទទួលរងរបួសគ្រាំគ្រា និងប្អូនប្រុសរបស់គេម្នាក់ទៀតអាយុ ១៣ឆ្នាំ កំពុងរស់នៅក្រោមការគ្រប់គ្រងរបស់ឪពុកពោះម៉ាយ គឺតែងទទួលរងការវាយដំធ្វើបាបជាញឹកញាប់។
ក្មេងប្រុសឈ្មោះ គ្រួច គ្រៀប អាយុ ១៣ឆ្នាំ ដែលមានរូបកាយស្គមស្គាំង ស្បែកដណ្ដប់ឆ្អឹង គាត់បានមានប្រសាសន៍ថា ជារៀងរាល់ថ្ងៃ គាត់ និងបងប្រុសឈ្មោះ គ្រួច គ្រឿន អាយុ ១៧ឆ្នាំ តែងនាំគ្នាចេញពីផ្ទះតាំងពីព្រឹកព្រលឹម ទៅតំបន់អង្គរធំ ដើម្បីជូន និងសុំលុយពីភ្ញៀវទេសចរយកទៅឱ្យឪពុកដែលមិនធ្វើការអ្វីសោះ គឺចេះតែផឹកស្រា។ កុមារដដែលបានបញ្ជាក់ថា ឪពុករបស់គាត់តែងវាយធ្វើបាបរូបគាត់ និងបងប្រុសជាញឹកញាប់ នៅពេលដែលពួកគេរកប្រាក់មិនបាន ហើយកាលពីថ្ងៃទី២០ ខែធ្នូ កន្លងទៅ គឺឪពុករបស់គាត់ បានវាយធ្វើបាបបងប្រុសយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យរូបគាត់ភ័យខ្លាច និងរត់គេចចេញពីផ្ទះជាប្រញាប់៖ «គាត់ផឹកស្រា ពេលរកលុយអត់បាន គាត់ខឹង គាត់វាយទាត់។ វាយនឹងដៃ វាយដោយខ្សែក្រវាត់។ ខ្លះណាយកអង្រែវាយក្បាលខ្ញុំ លើកមុនគប់ខ្ញុំនឹងដែកកេះចេញឈាម។ យកជើងជាន់ដើមទ្រូងបងខ្ញុំ ទន្ទ្រាំ ហើយចាប់ចងវាយ ខ្ញុំរត់អត់ហ៊ាននៅ ខ្លាចឪរបស់ខ្ញុំវាយ»។
ក្រុមអ្នកភូមិមួយចំនួនដែលរស់នៅជិតខាង បានឱ្យដឹងថា ពួកគេអាណិតដល់ក្មេងប្រុសទាំង ២នាក់ដែលកំព្រាម្តាយ ហើយឪពុកតែងវាយធ្វើបាបជាញឹកញាប់នោះ។
ស្ត្រីម្នាក់ដែលមិនហ៊ានបញ្ចេញឈ្មោះ បានមានប្រសាសន៍ថា កាលពីថ្ងៃទី២០ ខែធ្នូ កន្លងទៅ បុរសឈ្មោះ វិន គ្រួច អាយុ ៥០ឆ្នាំ បានវាយធ្វើបាបកូនប្រុសច្បងរបស់គាត់ម្នាក់ បណ្ដាលឱ្យមានបញ្ហាសុខភាពយ៉ាងធ្ងន់ បន្ទាប់មកបុរសនោះក៏បានគេចចេញពីផ្ទះ នៅពេលដែលដឹងថា អាជ្ញាធរបានតាមរកចាប់ខ្លួន។ ស្ត្រីដដែលបានមានប្រសាសន៍ថា បុរសនោះចូលចិត្តផឹកស្រា ដោយមិនធ្វើការងារអ្វីទេ ហើយតែងតែវាយធ្វើបាបកូនប្រុសចំនួន ២នាក់ជាញឹកញាប់៖ «វាយរាល់តែដង តែងហៅមកក៏ទាត់ផង វាយក្បាលផង សព្វបែបសព្វយ៉ាង មើលទៅអាណោចអាធម្ម។ ខ្ញុំស្រែកយំ ស្រែកទួញទៅក៏ប្រមាថខ្ញុំ តិចវាយក្បាលម៉ាអង្កត់អុសឥឡូវ។ នាងឯងស្រែកយំអី? វាយម្សិលមិញ ជាន់ទ្រូង វាយនឹងអំបោស វាយ ១៧ខ្សែក្រវាត់ម្សិលមិញ។ អូយ! ធ្ងន់ធ្ងរឡើង គ្មានអ្នកណាហ៊ានជួយទេ ខ្លាចគាត់វាយអ្នកជួយនោះ។ មានតែស្រែកខាងក្រៅ មិនហ៊ានជួយជិតទេ បើគាត់កាច កាន់កាំបិត កាន់ផ្គាក់ អ្នកណាហ៊ានជួយ»។
ក្រុមអ្នកភូមិឱ្យដឹងថា បុរសម្នាក់នោះមិនត្រឹមតែប្រើអំពើហិង្សាវាយដំកូនតូចៗទាំងពីរនាក់នោះទេ គឺគាត់បានវាយដំ និងធ្វើបាបប្រពន្ធរបស់គាត់រហូតដល់ឈឺស្លាប់ កាលពីបួនប្រាំឆ្នាំមុន។ អ្នកភូមិបញ្ជាក់ថា កាលពីម្តាយរបស់កុមារទាំងពីរនៅរស់ គឺបុរសជាប្ដីតែងវាយធ្វើបាបប្រពន្ធរហូតដល់ប្រពន្ធនាំកូនតូចៗរត់ចោលផ្ទះ ទៅពួននៅតាមគុម្ពោតព្រៃ ដោយដាច់បាយដាច់ទឹក មិនហ៊ានចូលទៅផ្ទះឡើយ។ ចំណែកកូនប្រុស ២នាក់ កាលពីម្តាយរបស់វានៅរស់ គឺបាននាំទៅចុះឈ្មោះចូលរៀននៅសាលាបឋមសិក្សាក្នុងភូមិ ក៏ប៉ុន្តែក្រោយមក កុមារទាំងពីរបានឈប់ទៅសាលារៀន បន្ទាប់ពីឪពុកតែងទៅជេរប្រមាថ និងរករឿងវាយតប់លោកគ្រូអ្នកគ្រូផងនោះ។
អង្គការក្រៅរដ្ឋាភិបាលដែលកំពុងធ្វើការជួយកុមារក្នុងខេត្តសៀមរាប បានឱ្យដឹងថា កុមារាឈ្មោះ គ្រួច គ្រឿត អាយុ ១៧ឆ្នាំ បានរងរបួសគ្រាំគ្រាលើរាងកាយយ៉ាងធ្ងន់ធ្ងរ និងមានជំងឺរបេងផង បន្ទាប់ពីឪពុករបស់គេបានវាយដំជាច្រើនលើកមក។ រហូតមកដល់ពេលនេះ កុមារា គ្រួច គ្រឿត ត្រូវបានអង្គការកល្យាណមិត្ត នាំយកទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យកុមារគន្ធបុប្ផាជ័យវរ្ម័នទី៧ នៅឡើយ។
លោក ចៅ ល័ក្ខវណ្ណា ជាអ្នកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តសៀមរាប បានមានប្រសាសន៍ថា តាមការស៊ើបអង្កេតរបស់លោក បានឲ្យដឹងថា បុរសដែលជាឪពុកបានយកអង្រែបុកគ្រឿងវាយក្បាល និងយកខ្សែក្រវាត់វាយខ្លួនកុមារឈ្មោះ គ្រួច គ្រឿត។ អង្គការសិទ្ធិមនុស្សដដែលបានរកឃើញស្លាកស្នាមដែលបន្សល់ពីការវាយដំជាច្រើននៅលើរាងកាយដែលធ្វើឱ្យកុមារនោះស្ថិតក្នុងស្ថានភាពគ្រាំគ្រា និងកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ។
លោក ចៅ ល័ក្ខវណ្ណា៖ «ឪពុករបស់ក្មេងរងគ្រោះហ្នឹង គឺគាត់កេងប្រវ័ញ្ចទៅលើកម្លាំងពលកម្មរបស់កូនខ្លួនឯង ដោយមានការបង្ខិតបង្ខំឱ្យកូនហ្នឹងដើរសុំប្រាក់ភ្ញៀវ ដើម្បីយកទៅចិញ្ចឹមខ្លួន។ នៅក្នុងនាមខ្លួនជាឪពុក មិនបានគិតគូរពីអនាគតរបស់កូនខ្លួនឯងទេ។ មិនត្រឹមតែប៉ុណ្ណឹងទេ គឺឪពុកហ្នឹងគាត់កំណត់ឱ្យកូនរកលុយឱ្យគាត់បាន១ថ្ងៃចំនួន ៥០ដុល្លារ បើសិនជារកមិនបាន គឺគាត់នឹងវាយធ្វើបាប ហើយម្យ៉ាងទៀត កូនហ្នឹងរកប្រាក់បានរហូតដល់ទៅទិញម៉ូតូឱ្យឪពុកជិះ បែរជាឪពុកគិតតែរឿងដើរផឹកស្រា មិនបានគិតគូរពីអនាគត និងឧត្តមប្រយោជន៍កូនរបស់ខ្លួនទាល់តែសោះ»។
លោក ចៅ ល័ក្ខវណ្ណា បានបញ្ជាក់ថា តាមការអង្កេតរកឃើញថា កុមារ ២នាក់បងប្អូន ត្រូវឪពុកវាយធ្វើបាបតាំងពីពួកគេមានអាយុ ៧ឆ្នាំមកម្ល៉េះ។ អំពើទាំងនេះ គឺជាការបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិកុមារផង និងក៏ជាបទល្មើសដែលបង្កឱ្យមានរបួសស្នាម ដោយមានចែងនៅក្នុងមាត្រាខ្លះនៃក្រមព្រហ្មទណ្ឌថ្មីរបស់ប្រទេសកម្ពុជា ផង។
អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល បានជំរុញឱ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវតែចាត់វិធានការផ្លូវច្បាប់ទៅលើបុរសដែលតែងតែប្រើអំពើហិង្សាជាញឹកញាប់ និងយូរមកហើយនោះ។
លោក មិ រិទ្ធិ ជាប្រធានភូមិអង្គរក្រៅ បានចាត់ទុកបុរសម្នាក់នោះថាគឺជាប្រភេទមនុស្សដែលចូលចិត្តរករឿងឈ្លោះជាមួយកូនប្រពន្ធ ព្រមទាំងអ្នកជិតខាង នៅពេលដែលផឹកស្រាស្រវឹង។ មេភូមិដដែលបានឱ្យដឹងថា លោកធ្លាប់ធ្វើការព្រមាន ដោយធ្វើកិច្ចសន្យាជាមួយបុរសម្នាក់នោះចំនួន ២លើកមកហើយពាក់ព័ន្ធនឹងរឿងវាយដំលើរូបកាយកុមារដែលជាកូនៗ ហើយកន្លងមក លោកក៏ធ្លាប់ចាប់ខ្លួនបុរសនោះម្តងដែរ នៅពេលគាត់កាន់កាំបិតទៅរកកាប់ស្ត្រីម្នាក់ដែលជាអ្នកជិតខាង។
អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល ឱ្យដឹងថា បច្ចុប្បន្ន មានស្ត្រី និងកុមារមួយចំនួននៅតាមបណ្ដាខេត្តក្នុងប្រទេសកម្ពុជា នៅតែទទួលរងការវាយដំលើរាងកាយនៅឡើយ ហើយសមត្ថកិច្ចមូលដ្ឋានមិនបានចាត់វិធានការផ្លូវច្បាប់ទេ ដោយតែងតែចាត់ទុកថា គឺជារឿងជម្លោះគ្រួសារប៉ុណ្ណោះ ហើយសមត្ថកិច្ចមិនអាចលូកដៃចូលផ្ទៃក្នុងគ្រួសាររបស់គេបានទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។