ពាក្យស្លោកមួយបានពោលថា កូលាបតែងមានបន្លា រីឯស្នេហាតែងមានឧប្បសក្តិ អ្នកខ្លះមានស្នេហាមានសេចក្តីសុខ អ្នកខ្លះមានស្នេហាបែជាមានទុក្ខ ដោយសាការព្រាត់ប្រាស បែកបាក់ មិនទទួលបាននូវអ្វីដែលខ្លួនបានប្រាថ្នា ចុះបុរស់ម្នាក់អង្គុយនៅក្រោមដើមជ្រៃតាំងពីសូរិយារៀបអស្តង្គត់រហូតដល់ពាក់កណ្តាលអាធ្រាត្យក្រោមផ្ទៃមេឃពណ៍ខ្មៅងងឹតដែលលឺតែសូរសំលេងមជ្ជុរាជរាត្រីដង្ហោយហៅឥតឈប់ឈរ តើបុរសម្នាក់នេះមានវិបត្តិអ្វីដែរ? តោះចាំអីទៀតយើងនាំគ្នាអានដើម្បីដឹងនួវរឿងរាវពិតរបស់គាត់!
កណ្តាលរាត្រីដ៏សែនស្ងាត់ជ្រងំបងមិនមានលឺសូរសំលេងអ្វីក្រៅសត្វចង្រិត ខ្លែងស្រាក មៀម ទីទុយ ខ្លះយំខ្លះច្រៀងលាន់លឺសូរល្វើយៗ លាយឡំជាមួយនិងស្នូរស្លឹកឈើបក់រវិចៗទៅតាមកម្លាំងព្រះពាយផាយផាត់រសាត់មកពីឆ្ងាយ ឯផ្ទៃមេឃពោពេញទៅដោយពពកខ្មៅអួរអាប់ពពករសាត់ដុំៗហាក់រកកលចង់ភ្លៀង ធ្វើអោយរូបបងនឹកឃើញអនុស្សាវរីយ៍ចាស់ដែលនិរាសចោលគ្នាជាយូរឆ្នាំណាស់ទៅហើយ តែស្នាមស្នេហ៍អតីតធ្វើអោយបងនៅតែនឹកនាមិនអាចបំភ្លេចបានអស់មួយជីវិត។
អូនដឹងទេថា? បងអង្គុយក្រោមដើមជ្រៃតែម្នាក់ឯងស្ទើជារៀងរាល់ថ្ងៃរៀបលិច រហូតដល់កណ្តាលរាត្រីកាលដ៏សែនស្ងាត់ជ្រងំ មិនមានអ្នកណាម្នាក់ដឹងថា បងកំពុងតែគិតអ្វីនោះទេ តាមពិតទៅ បងកំពុងតែនឹករលឹកដល់អូនដែលជាសង្សាសំណព្វចិត្តរបស់បង។ ការនឹកឡើងវិញវាថែមទាំងធ្វើអោយបងមានការឈឺចាប់ស្ទើតែក្អូតឈាមរកថ្លែងមិនរួច ដំបៅស្នេហ៍ចាស់ហាក់ដូចជាស្រមោលអន្ទោលតាមប្រាណរបស់បងគ្រប់វិនាទី ធ្វើអោយបងនឹកឃើញអូនគ្រប់ពេលវេលា មិនថាពេលញុំ ពេលគេង ពេលដើរលេងកម្សាន្ត។ គ្រប់ពេលវេលាបងតែងតែខំប្រឹងញញឹមបង្ហាញញាតិមិត្តថា បងរីករាយ តែតាមពិតបេះដូងរបស់បងបានរលេះរលួតអស់ទៅហើយ។ បងនឹកឃើញថ្ងៃមួយក្រោមភ្លៀងរលឹមស្រិចៗ យើងដឹកដៃគ្នារតលេងកម្សាន្តសប្បាយ បងដឹកដៃអូនរតឆ្វែលដើមជ្រៃ ហើយយកហត្ថាយើងទាំងទ្វេគូសរូបពួកយើងទាំងពីរនៅលើព្រះធរណី ហើយថែមទាំងស្បថសច្ចាថា បើទោះជាពួកយើងមិនកើតក្នុងខែឆ្នាំតែមួយ តែសូមអោយស្លាប់ទៅវិញក្នុងខែឆ្នាំតែមួយ។ បងនៅចាំទៀតថា នៅរដូវភ្ជុំបិណ្ឌឆ្នាំនោះអូនស្លៀកហូលពាក់អាវប៉ាក់ពានាកន្សែងពណ៍សយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅឯវត្តអង្គរខាងកើត បន្ទាប់មកបងនាំអូនឡើងលើកំពូលប្រាសាទអង្គរ អូនខ្លាចមិនហ៊ានឡើងជណ្តើរដ៏ចោត បងកាន់ដៃអូន ផ្តល់កម្លាំងចិត្តដល់អូនរហូតយើងបានឡើងដល់លើកំពូលប្រាសាទ គយគន់ទេសភាពដ៏ស្រស់បម្រង និងចម្លាក់ក្បាច់រចនាដ៏កម្រមាន ដែលជាស្នាដៃរបស់បុព្វបុរសខ្មែរយើងកាលពីជំនាន់ដើម។ ស្នាមញញឹមដ៏ស្រទន់ កាយវិការដ៏ល្វតល្វន់ សក់ខ្មៅរលោងវែងអន្លាយក្រាលគ្របលើស្មា នេត្រាខ្មៅយង់ ម្រាមដៃស្រួចដូចបន្លាក្រូច ចរិកសុភាពរាបសាចេះស្គាល់ចាស់ទុំ ចេះចែករំលែកដល់អ្នកដទៃ ចេះជួយយកទុក្ខធុរៈអ្នកភូមិផងរបងជាមួយ បូកផ្សំជាមួយក្លិនខ្លួនដ៏ក្រអូបប្រហើ ដូចបំបុកស្រូវថ្មីរបស់អូន ឥឡូវវានៅតែដិតដាមដក់ក្នុងក្រអៅបេះដូងរបស់បងជានិច្ច ធ្វើអោយបងបំភ្លេចមិនបានអស់មួយជីវិត។ ឥឡូវដើមជ្រៃនៅរស់ស្រស់ញញឹមស្លឹករីកស្គុះស្គាយ ឬសវែងអន្លាយ តែបាត់រូបអូនលែងឃើញស្រមោលទៅហើយ អ្វីៗប្រែប្រួលអស់រលីង ហើយភ្ជុំបិណ្ឌឆ្នាំនេះមិនដឹងអូននៅឯណា ទៅដល់ទីណានោះទេ។ នឹកដល់ត្រឹមនេះដើមទ្រូងបងក៏ចាប់ផ្តើមតឹងណែនអួលដើមក បេះដូចលោតខុសចង្វះ ទឹកនេត្រាក៏ចាប់ផ្តើមហូរមកឯងៗ ព្រោះស្រីដែលបងស្រលាញ់ស្មើនិងជីវិត បែជាមិនមានវាសនាបានជួបគ្នាជាគូអនាគត់លុះអាវសាន្ត នេះហាក់ដូចពាក្យចាស់មួយបានពោលថា ស្រលាញ់ពេញប្រាស។ តើការព្រាត់ប្រាសគ្នារវាងបងនិងអូន វាជាព្រហ្មលិខិត ជាព្រេងវាសនា ជាផលកម្មពីជាតិមុន ឬមកពីបងមិនសមនឹងអូន ឬមកពីសង្គមវណ្ណៈ? អូនដឹងទេ? គ្រប់ពេលដែលរៀមរាធ្មេចនេត្រាទៅ រៀមតែងតែស្រមៃឃើញពៅ ឃើញគ្រាដែលយើងធ្លាប់អង្គុយសាសង ផ្តោះផ្តងវាចារហ្នេហាក្រោមដួងព្រះច័ន្រ្ទាមូលក្រឡង់ដ៏ភ្លឺត្រចាស់ត្រចង់ ហើយពេលនោះអូចបានវាចារមិនដាច់ពីមាត់ដដែលៗថា អូនស្រលាញ់តែបងអស់មួយជីវិតឥតមានប្រែប្រួល បើទោះជាមេឃរលំភ្នំរលាយក៏ដោយ តែផ្ទុយទៅវិញទង្វើរបស់អូនគឺខុសស្រឡះពីសម្តី ខុសពីពាក្យស្លោកដែលពោលថា មនុស្សគេយកសម្តីដំរីគេយកភ្លុគ តែសម្តីរបស់អូនមិនអាចយកជាការបានទេ។ បើបងក្រលេកមើលប្រវត្តិស្នេហាកាលពីអតីតកាលដូចជាស្នេហាទំទាវ គឺពួកគេព្រាត់គ្នាដោយសាយាយផាន់ម្តាយទាវស្រលាញ់មាសប្រាក់ ឈ្លគ់និងអំណាចចង់អោយកូនស្រីឡើងទ្រនុំខ្ពស់ រីឯនាងវិធាវី និងលោកប៊ុនធឿន តួអង្គក្នុងរឿងផ្កាស្រពោនវិញ ព្រាត់គ្នាដោយសារគ្រួសារប៊ុនធឿនធ្លាក់ខ្លួនក្រ ចុះចំណែករឿងយើងព្រាត់គ្នាព្រោះរឿងអ្វីទៅ? យប់កាន់តែជ្រៅផ្គរលាន់គ្រឹមៗគ្រហឹមរកភ្លៀងចង្រិតស្រែកច្រៀងហីងផ្ទៀងខំស្តាប់ រាល់ថ្ងៃបងរស់ហាក់ដូចជាស្លាប់មិនដឹងរាយរ៉ាប់ប្រាប់ដល់អ្នកណា ទឹកនេត្រាហូរតក់ៗស្រក់ឡើងជោគព្រះធរណីកណ្តាលរាត្រីក្រោមជ្រៃកម្សត់អូនភ្លេចសន្យាដែលបានស្បែស្បថថ្ងៃនេះអូនព្រាត់ឥតមាននឹកនា។
បើបងទៅបួសខ្លាចញាតិដៀលថាបួសព្រោះស្នេហាមិនបានបុណ្យទេបើបងផឹកស្រានឹកអូនកើនទ្វេរលោតទឹកទន្លេខ្លាចព្រះមិនប្រោស បងចង់ស្រែកប្រាប់ញាតិមិត្តអោយដឹងពីការពិត តែបងគ្មានសេចក្តីក្លាហាន ដូច្នេះផ្លូវតែមួយគត់ដែលបងត្រូវដើរបន្តនោះគឺ ទ្រាំរស់ទាំងការឈឺចាប់ខ្លោចផ្សាតែប៉ុណ្ណោះ។ អូនដឹងទេ? មានតែដើមជ្រៃទេដែលជាមិត្តសម្លាញ់របស់បង មានតែដើមជ្រៃទេដែលដឹងរឿងពិតរបស់បង សូម្បីតែអូនដែលបងស្រលាញ់ស្មើជីវិត ក៏មិនយល់ពីជម្រៅចិត្តបងដែរ តែទោះ ជាបងឈឺចាប់ខ្លោចផ្សាយ៉ាងណាក៏ដោយ បងស៊ូដាក់កាំបិតចុះតាំងខ្លួនជាព្រះ ហើយលើកដៃសំពះអង្វទេវតា និងវត្ថុសាកសិទ្ធលើលោកអោយជួយថែរក្សាអូន អោយអូនជួបតែសេចក្តីសុខ សុភមង្គលអស់មួយជីវិត។ អ្វីដែលបងប្រាថ្នាចុងក្រោយក្នុងជាតិនេះគឺ ចង់ឃើញស្នាមញញឹមរបស់អូន ដើម្បីអោយបងអស់ចិត្តថា អូនមានសេចក្តីសុខហើយ ធ្វើម្តេចជាតិនេះយើងគ្មានវាសនាបានចាប់ដៃគ្នាជាគូលុះគ្រាអាវសាន្ត បងប្រាថ្នាចំាជួបអូនជាតិក្រោមម្តងទៀតទៅចុះ៕ ដោយ៖ ផ្លុង-រ៉េត