គ្រួសារកសិករក្រីក្រ ដែលមានកូនប្រុស៤នាក់ សុទ្ធតែពិការ ត្រូវបានក្រុមការងារលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ នាំយកអំណោយមួយចំនួនទៅផ្តល់ជូនដល់ផ្ទះរបស់គាត់ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ស្ត្រីឈ្មោះ ទិត ច្រឹប អាយុ៤២ឆ្នាំ ដែលត្រូវជាម្តាយកុមារាងាយរងគ្រោះទាំងអស់ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងដឹងថា ប្តីរបស់ឈ្មោះ ព្រឿង ហ៊ន អាយុ៤៤ឆ្នាំ មុខរបរឡើងត្នោត និងមានកូនប្រុស៤នាក់ ក្នុងបន្ទុក តែពួកគេបានពិការ៣នាក់។ កុមារាទាំង៣នាក់នោះ មានឈ្មោះ ផុន ហា អាយុ១២ឆ្នាំ, ឈ្មោះ ផុន ហ៊ី អាយុ១០ឆ្នាំ, ឈ្មោះ ផុន សុជាតិ អាយុ៨ឆ្នាំ ដោយឡែកកុមារាឈ្មោះ ផុន រស្មី អាយុ២ឆ្នាំ ដែលជាកូនពៅនោះ មិនទាន់កើតជំងឺពិការចំពោះរូបគេនៅឡើយទេ។ គាត់បានបន្តថា គាត់មានការភ័យខ្លាចកូនប្រុសពៅរបស់គាត់កើតជំងឺពិការដូចបងៗដែរ ព្រោះថា កូនប្រុសទាំង៣របស់គាត់ នៅពេលពួកគេមានអាយុ៤ឆ្នាំ ក៏បានលេចចេញនូវជំងឺដើរមិនរួចនេះតែម្តង ហើយកាលពីប៉ុន្មានឆ្នាំមុន គាត់ក៏ធ្លាប់មានកូនប្រុសម្នាក់ទៀត ឈ្មោះ ផុន ហ៊ា បានស្លាប់ដោយសារជំងឺនេះ នៅពេលរូបគេអាយុបាន១៥ឆ្នាំ។ ដោយសារការព្រួយបារម្ភ និងជីវភាពខ្វះខាត គាត់បានសំណូមពរដល់សប្បុរសជនទាំងអស់ ជួយព្យាបាលដល់កូនៗគាត់ទាំង៣នាក់ផង។
លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុវនិតិសម្បទាខេត្តកំពង់ឆ្នាំង ដែលបានដឹកនាំក្រុមការងារលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារចុះទៅសួរសុខទុក្ខផ្ទាល់បានថ្លែងថា ដោយមើលឃើញនូវភាពលំបាកនៃគ្រួសារកុមារាងាយរងគ្រោះក្រុមការងារបាននាំយកជំនួយឧបត្ថមមកផ្តល់ជូនដែលរួមមានអង្កចំនួន៧៥គីឡូក្រាម, ប្រាក់ចំនួន៣០ម៉ឺនរៀល, ទឹកស៊ីអ៊ីវ, ទឹកត្រី, ប្រេងឆា, មី, ទឹកក្រូច, សារ៉ុង និងខោអាវសម្រាប់កុមារមួយចំនួនផងដែរ។ ដោយឡែកយុវតីឈ្មោះ ហុក ចាន់ អាយុ២៣ឆ្នាំ ជាជនពិការតាំងពីតូចរស់នៅជាមួយឪពុកជរាឈ្មោះ ហុក ញិល អាយុ៧៥ឆ្នាំ ស្ថិតនៅក្នុងភូមិឃុំជាមួយគ្នាដែរនោះ ក៏បានទទួលជំនួយជាអង្កចំនួន៥០គីឡូក្រាម, ប្រាក់ចំនួន២០ម៉ឺនរៀល និងសម្ភារៈមួយចំនួនផងដែរ។
លោក ថោង ចំរើន ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភដល់កុមារាពិការទាំង៣នាក់ ដែលកំពុងជួបនូវការលំបាកក្នុងពេលនេះ ជាពិសេស លោកក៏បានអំពាវនាវដល់សប្បុរសជននានា ជួយដល់កូនប្រុសពៅរបស់ស្ត្រីរងគ្រោះឲ្យជៀសផុតពីជំងឺពិការនេះផង ព្រោះថា ក្នុងចំណោមកូនប្រុសទាំង៥នាក់ របស់គាត់ បានកើតជំងឺនេះ៤នាក់ ហើយជំងឺនេះ បានសម្លាប់កូនច្បងគេម្នាក់ទៀតផង៕
ថ្ងៃនេះ | 4460 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 33019 | នាក់ |
ខែនេះ | 180647 | នាក់ |
ឆ្នាំនេះ | 3763307 | នាក់ |
សរុប | 53123233 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 17:21 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net