សកម្មភាពរថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ពីស្រុកវ៉ារិនមកក្រុងសៀមរាបរាប់សិបគ្រឿងនៅពេលយប់ តែមិនមានមន្រ្តីជំនាញ ឬក្រុមសមត្ថកិច្ចណាធ្វើដឹងធ្វើលឺនោះទេ ដែលសកម្មភាពទាំងនេះហាក់ធ្វើអោយគេសង្ស័យថា មន្ត្រីជំនាញ និងក្រុមសមត្ថកិច្ច ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយស៊ីសំណូកសូកប៉ាន់។
យោងតាមប្រភពព័ត៌មានពីឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប បានអោយដឹងថា មានរថយន្តចង្កូតស្តាំពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទរាប់សិបគ្រឿងដឹកឈើលៀនវែងៗសំពីងសំពោងឥតច្បាប់យកមកចែកចាយអោយដេប៉ូលក់ឈើក្នុងក្រុងសៀមរាប ក្នុងមួយយប់មិនក្រោម៣០ជើងដោយឆ្លងកាត់ស្នាក់ការមេព្រៃឃុំស្រែណូយមួយកន្លែង ស្នាក់់ការមេព្រៃវ៉ារិនមួយកន្លែង ស្នាក់ការមេព្រៃខ្នារង្វះស្រុកបន្ទាយស្រីមួយកន្លែង ផ្នែករដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីពីរកន្លែង ស្នាក់ការបរិស្ថានក្រសួងនៅក្បាលស្ពានក្នុងស្រុកបន្ទាយស្រី មួយកន្លែង និងស្នាក់ការអង្គការបរិស្ថានជាច្រើនកន្លែងរាប់មិនអស់តាមដងផ្លូវ ព្រមជាមួយគោលដៅរបស់ប៉ូលីសសេដ្ឋកិច្ចជាច្រើនកន្លែងទៀត តែសមត្ថកិច្ច និងជំនាញខាងលើនេះបានត្រឹមតែដាក់ស្នាក់ការ និងប៉ុស្តិ៍យាមចាំយកលុយតែប៉ុណ្ណោះ។
ប្រភពពីពលរដ្ឋនៅផ្សារស្រែណូយ ឃុំស្រែណូយបានលួចបង្ហើបអោយដឹងថា ក្រុមរថយន្តត្រេអ៊ីដឹកឈើអត់ច្បាប់ខាងលើនេះជាមន្ត្រីប៉ែអឹមដែលមានលំនៅស្ថាននៅឃុំស្រែណូយតែម្តងដែលត្រូវបានគេស្គាល់ឈ្មោះថា លោក និត និងលោក ណាត។
លោក សេងលន នាយសង្កាត់រដ្ឋបាលព្រៃឈើខ្នារង្វះមិនអាចសុំការបំភ្នឺបានទេ ព្រោះទូរស័ព្ទចូលតែលោកថា ជាប់រវល់នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៥នេះ។
លោក ខុងសារ៉ាត នាយរងស្តីទីសង្កាត់រដ្ឋបាលព្រៃឈើស្រែណូយបានប្រាប់តាមទូរស័ព្ទថា កាលពីដើមខែមីនាថ្មីៗនេះ ខាងប៉ូលីស មេព្រៃ និងខាងម៉េប៉ែអឹមបានកោះហៅលោក និត និងលោក ណាត មកធ្វើកិច្ចសន្យាម្តងរួចហើយ ចំពោះការរកស៊ីដឹកឈើខាងលើ បន្ទាប់ខាងសារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយ។ លោក ខុងសារ៉ាត់ មិនបានបកស្រាយចំពោះសំនួររបស់អ្នកយកព័ត៌មានយើងដែលសួរថា ˝បើលោកប៉េអឹមពីររូបខាងលើរកស៊ីដឹកឈើខុសច្បាប់សាជាថ្មីតើខាងមេព្រៃគួរមានវិធានការយ៉ាងណា?˝។
នៅម៉ោង១និង៨នាទីរសៀលដដែលនេះលោក និត បានប្រាប់តាមទូរស័ព្ទថា លោកកំពុងឈាប់លេងប្រដាល់ស្តាប់មិនបាន ហើយក៏មិនមានពេលនិយាយដែរ បើអ្នកកាសែតមានការអីចាំល្ងាចលោកលេងប្រដាល់ចប់ចាំខលទៅម្តងទៀត។
នៅម៉ោង១និង១០នាទីរសៀលដដែលនេះដែរ អ្នកយកព័ត៌មានយើងក៏ពុំអាចសុំការបកស្រាយពីលោក ណាត បានទេ ព្រោះទូរស័ព្ទចូលត្រូវបានភរិយារបស់លោកលើកទទួល រួចប្រាប់ថា ប្តីរបស់គាត់បានទៅភ្នាល់ប្រដាល់បាត់ហើយ។
ពលរដ្ឋខេត្តសៀមរាប សំណូមពរទៅលោក ទាគឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប និង ឯកឧត្តម ម៉នសាម៉ុន មេប៉េអឹមខេត្តសៀមរាប មេត្តាចាត់ការទៅលើលោក និត និងលោក ណាត ផងកុំអោយយកស្បែកជាមន្ត្រីប៉េអឹម ប្រើរថយន្តពណ៍ត្រេអី ពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់បែបនេះ ព្រោះវាអាចជាកត្តាបំផ្លាញព្រៃឈើផង ហើយវាអាចប៉ះពាល់ដល់កិត្តិយសកងរាជអាវុធហត្ថផង៕ ដោយ៖ ផ្លុង-រ៉េត
ថ្ងៃនេះ | 4655 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 33214 | នាក់ |
ខែនេះ | 180842 | នាក់ |
ឆ្នាំនេះ | 3763502 | នាក់ |
សរុប | 53123428 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 18:06 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net