សកម្មភាពក្រុមឈ្មួញធំៗរកស៊ីដឹកឈើអត់ច្បាប់ ដោយក្លែងរូបភាពជាដឹកជញ្ជូនតាមរឺម៉កពីស្រុកប្រាសាទបាគង ចូលក្រុងសៀមរាប ហាក់មានការកើនឡើងជារៀងរាល់ថ្ងៃ ដោយសារអាជ្ញាធរដែនដី សមត្ថកិច្ចតាមដងផ្លូវ និងមន្ត្រីជំនាញបើកដៃអោយ ហើយមិនព្រមចុះបង្ក្រាប។
ប្រភពព័ត៌មានច្បាស់ការបានអោយដឹកថា បច្ចុប្បន្នមានក្រុមឈ្មួញធំៗមួយចំនួនកំពុងតែរកស៊ីដឹកឈើពីស្រុកស្វាយលើ ពីស្រុកអន្លងវែង ពីតំបន់ព្រៃស្អាក ពីតំបន់អូរកូនតឹង ពីឃុំស្រែណូយ ស្រុកវ៉ារិន ចូលមកស្តុកទុកបណ្តោះអាសន្តនៅស្រុកប្រាសាទបាគងខេត្តសៀមរាប រងចាំពេលវេលាដែលអំណោយផល ទើបយករឺម៉កទៅដឹកជញ្ជួនក្នុងមួយរឺម៉កប្រហែល៨ផ្លាន ឬមួយម៉ែត្រគូប តែដឹកជញ្ជូនទាំងយប់ទាំងថ្ងៃដូចស្រម៉ោចដូចសត្វកណ្តៀរអញ្ចឹង។ ប្រភពបានបន្តថា ក្រុមតៃកុងរឺម៉កទាំងនោះគឺស៊ីឈ្នួលគេទេ ឯថៅកែឈើធំៗដែលមានលុយរាប់សិបដុល្លារនោះមិនបានចេញមុខឡើយ តែប្រភពបានលួចបង្ហើបថា ក្នុងនោះមានមេឈ្មួញម្នាក់ឈ្មោះ គង់ ដែលជាមន្រ្តីប៉ូលីសនៅអធិការស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្រុមប្រជាពលរដ្ឋដែលតាមដានហេតុការណ៍ និងស្ថាប័ណឯករាជមួយចំនួនបានអះអាងថា នៅពេលពួកគាត់រាយការណ៍ជូនលោក លឹង្គ សុខា មន្រ្តីរដ្ឋបាលព្រៃឈើក្រុងសៀមរាប ពីករណីរឺម៉កដឹកឈើខាងលើនេះ លោកតែងនិយាយថា ដឹកតិចតួចពេក ចាំថ្ងៃណាគេដឹកច្រើនចាំលោកទៅចាប់ម្តង។
លោក យឹមស៊ីវន នាយសង្កាត់រដ្ឋបាលព្រៃឈើក្រុងសៀមរាបបានប្រាប់តាមទូរស័ព្ធនៅរសៀលថ្ងៃទី២០មេសាឆ្នាំ២០១៥នេះថា លោកពុំដែលបានដឹង ហើយក៏ពុំដែលបានស្គាល់ក្រុមឈ្មួញខាងលើនេះដែរ។
អ្នកយកព័ត៌មានយើងបានរាយការណ៍ទៅលោក ម៉ុងប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើនៅរសៀលដដែលនេះ លោកមានប្រសាសន៍ថា ចាំអោយមន្រ្តីក្រោមឱវាតរបស់លោក ចាត់ការរឿងបទល្មើសព្រៃឈើខាងលើនេះ។
លោក ខាំលឿ មេឃុំកណ្តែកបានប្រាប់តាមទូរស័ព្ទនៅល្ងាចដដែលនេះថា លោកពិតជាបានឃើញរឺម៉កដឹកឈើខាងលើនេះមែន ហើយលោកថា ឃើញដឹករាល់តែថ្ងៃ តែមានអ្នកណាទៅហ៊ានចាប់ចងគេ សូម្បីមេប៉ុស្តិ៍ឃុំកណ្តែកក៏មិនហ៊ានសួរនាំគេផង។
លោក ក្អោម រ៉ន មេឃុំជ្រាវបានប្រាប់តាមទូរស័ព្ទនៅល្ងាចដដែលនេះដែរថា រឿងរឺម៉កដឹកឈើខាងលើនេះ លោកពិតជាឃើញដឹកមែន តែលោកមិនបានដឹកពីគោលការណ៍ខាងរដ្ឋបាលព្រៃឈើយ៉ាងណានោះទេ មិនដឹកថា គេត្រូវចាប់អាឈើប្រភេទណាខ្លះ ព្រោះឃើញរឺម៉កតែងដឹកជាឈើសំរាប់ធ្វើផ្ទះ មិនមែនជាឈើប្រណិតទេ ដូច្នេះមិនដឹងធ្វើមេច។
អ្នកយកព័ត៌មានយើងមិនអាចសុំការពន្យល់ពីលោក មិន ចន្ថា អធិការស្រុកប្រាសាទបាគងបានទេ ព្រោះមិនមានលេខទូរស័ព្ទសំរាប់ធ្វើការទំនាក់ទំនង ពាក់ព័ន្ធនិងមានការចោទប្រកាន់ថា លោក គង់ មេឈ្មួញរកស៊ីដឹកឈើខុសច្បាប់ខាងលើជាកូនចៅរបស់លោក មិនចន្ថា នេះតែម្តង។
សូមរំលឹកផងដែរថា ប្រពន្ធ និងប្អូនថ្លៃស្រី របស់លោក មិនចន្ថា អធិការស្រុកប្រាសាទបាគងក៏ជាឈ្មួញរកស៊ីដឹកឈើខុសច្បាប់ដែរ ឥឡូវលេចលឺថា កូនចៅលោកអធិការរកស៊ីដឹកឈើទៀត ដែលទង្វើទាំងនេះធ្វើអោយពលរដ្ឋរិះគន់ និងសង្ស័យថា ថ្ងៃអនាគត់ប៉ូលីសនៅអធិការស្រុកប្រាសាទបាគងទាំងមូលអាចក្លាយជាអ្នករកស៊ីដឹកឈើទាំងអស់ក៏មិនដឹងដែរ?
សូមបញ្ជាក់ផងដែរថា ដេប៉ូលក់ឈើនៅក្រុងសៀមរាបទាំងតូចទាំងធំ គឺទិញឈើស្របច្បាប់មិនបាន១% (មួយភាគរយ) ផងទេ ក្រៅពីនោះពួកគេបានលួចទិញឈើខុសច្បាប់ដែលក្រុមឈ្មួញងងឹតលួចដឹកជញ្ជូនយកមកលក់អោយ ដែលឈើទាំងនេះត្រូវបានគេដឹងច្បាស់ថា ក្រុមឈ្មួញកណ្តាលបានទិញពីពួកអ្នកកាប់បំផ្លាញព្រៃឈើ នៅតំបន់អភិរក្ស ឬតំបន់ហាមឃាត់។
យើងសង្ឃឹមថា អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងអស់លោកមេព្រៃខេត្តសៀមរាបមេត្តាភ្ញាក់ពីដំណេកឡើង ហើយចាត់វិធានការអោយបានតឹងរឹងទៅលើក្រុមឈ្មួញដឹកឈើខុសច្បាប់ទាំងតូចទាំងធំផងទាន៕ ដោយ៖ ផ្លុងរ៉េត