ពលរដ្ឋខេត្តសៀមរាបបានធ្វើការរិះគន់ធ្ងន់ៗថា អ្នកគ្រប់គ្រងអគ្គីសនីខេត្តបានធ្វើការចែកចាយភ្លើងមិនមានតម្លាភាពបន្ទាប់ពីភ្លើងបានដាច់ ដោយសាខ្យល់បក់លាយភ្លៀងបណ្តាលអោយបង្គោលភ្លើងបានបាក់ចំនួន២៦ដើម នៅស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥កន្លងទៅ។
យោងតាមប្រភពប្រជាពលរដ្ឋនៅសង្កាត់ស្លក្រាម ក្រុងសៀមរាបបានអោយដឹងថា កាលពីថ្ងៃទី២២ ថ្ងៃភ្លើងដាច់ដំបូង ដាច់តែមួយផ្លេតរហូតដល់ម៉ោង៦ល្ងាចមានភ្លើងប្រើវិញ ដល់ព្រឹកទើបដាច់ម្តងទៀត។ ពលរដ្ឋខ្លះអះអាងថា ភ្លើងជូនកាលមានកន្លះថ្ងៃ បើពេលយប់វិញជួនមានពេលល្ងាច ជូនម៉ោង១០ ឬម៉ោង១១យប់ទើបមានភ្លើងប្រើរហូតដល់ម៉ោង៦ព្រឹកទើបដាច់។ ប្រជាពលរដ្ឋនៅក្រុងសៀមរាបខ្លះប្រាប់ថា ខាងកាប៊ីនភ្លើងគេចែកចាយចល័តវិលជុំម្តងម្នាក់ តែនៅជាយក្រុង ឬកន្លែងផ្សេង ពួកគាត់មិនបានដឹងថា មានភ្លើងប្រើឬអត់នោះទេ។
ងាកមកក្រុមប្រជាពលរដ្ឋនៅជាយក្រុងវិញដូចជានៅឃុំជ្រាវជាដើម ពួកគាត់បានអះអាងថា តាំងពីថ្ងៃដាច់ភ្លើងដំបូងរហូតដល់រសៀលថ្ងៃទី២៥មេសានេះ ពួកគាត់មិនដែលបានទទួលភ្លើងអគ្គីសនីសូម្បី១វិនាទីនោះទេ តែពួកគាត់លឺថា នៅក្នុងក្រុងគេមានភ្លើងប្រើខ្លះៗ មិនដឹងជាអ្នកគ្រប់គ្រងផ្នែកអគ្គីសនីគេមានគំនិតបែបណាទេ បែបគេគិតថា អ្នកនៅជាយក្រុងជាសត្វ មិនមែនជាមនុស្សទេ បានជាគេមិនចែកភ្លើងអោយប្រើខ្លះ។
លោក ឆៃណា នៅសង្កាត់ជ្រាវអះអាងថា គាត់ជាអ្នកប្រកបរបរលាងម៉ូតូដោយប្រើភ្លើងអគ្គីសនី តែដល់ភ្លើងដាច់តាំងពីថ្ងៃទី២២ រហូតដល់រសៀលថ្ងៃទី២៥នេះហើយ នៅតែមិនមានភ្លើងប្រើសូម្បីតែមួយវិនាទីបែបនេះ សង្ស័យតែគ្រួសារគាត់ដាច់បាយ ហើយគ្មានលុយសងធនាគាទេខែនេះ ព្រោះសង្ឃឹមលើការលាងម៉ូតូរកកំរៃ ដល់ដាច់ភ្លើងអត់បានលាងដូច្នេះ ខាតបង់លុយច្រើនណាស់ ម្យ៉ាងទៀតអាចធ្វើអោយជីវភាពគ្រួសារគាត់កាន់តែក្រ វាផ្ទុយពីគោលនយោបាយឈ្នះៗរបស់សម្តេចហ៊ុនសែន ទាំងស្រុង។
ប្រជាពលរដ្ឋខ្លះត្អូញត្អែថា គ្មានភ្លើងបូមទឹកដាក់អាង ដាក់បង្គន់ ហើយក៏គ្មានលទ្ធភាពទៅទិញម៉ាស៊ីនភ្លើងប្រើដែរ សង្ឃឹមតែភ្លើងរដ្ឋ ឥឡូវរលាយបាត់សូន្យមិនឃើញមកសោះ។ ពួកគាត់បន្ថែមថា ធ្លាប់តែជុះអាចម៌ដាក់បង្គន់ ហើយប្រើទឹកលាង ឥឡូវជុះអាចម៌ដាក់ថង់ យកក្រដាសកេត ព្រោះបង្គន់អត់មានទឹកប្រើ។ពួកគាត់បន្ថែមទៀតថា ការអត់ធន់មានកំណត់ ថ្ងៃណាមួយបើនៅតែដាច់ភ្លើងដូច្នេះដដែលៗ គាត់នឹងជុះអាចម៌ដាក់ថង់យកទៅដាក់មុខអាគ្គីសនីខេត្តសៀមរាបម្តង អោយពួកគេដឹងថា អត់ភ្លើងអត់ទឹកវាពិបាកយ៉ាងណា។
ពលរដ្ឋខេត្តសៀមរាបឆ្ងល់ថា តើការទៅតភ្លើងអគ្គីនីពីស្រុកថៃនេះ វាមកពីគំនិតអ្នកណា? តើជាគំនិតរបស់រដ្ឋាភិបាល ឬជាគំនិតប្រធានអគ្គីសនីចាស់លោក ជៀម កោសេន? ឬមកពីរដ្ឋាភិបាលកម្ពុជាក្រ? គ្មាលទ្ធភាពទិញម៉ាស៊ីភ្លើងប្រើខ្លួនឯង សំរាប់ខេត្តទេសចរណ៍មួយនេះ?
បើយោងតាមសម្តីប្រធានអគ្គីនីខេត្តសៀមរាបលោក គង់ពុទ្ធី បានអះអាងប្រាប់អ្នកកាសែតក្នុងស្រុកថា ម៉ាស៊ីភ្លើងក្នុងខេត្តមានភ្លើងតែ ១០មេហ្កាវ៉ាត តែប៉ុណ្ណោះដូច្នេះមិនអាចបំពេញតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តទាំងអស់បានទេ។ លោក គង់ពុទ្ធី បានបន្ថែមថា មានកន្លែងខ្លះខាងអគ្គីសនីផ្តល់ភ្លើងអោយពីម៉ោង៨ព្រឹកដល់ម៉ោង១ថ្ងៃ កន្លែងខ្លះពីម៉ោង១រសៀលដល់ល្ងាច និងផ្តល់ភ្លើងអោយខាងមន្ទីរពេទ្យសំខាន់ៗមួយចំនួនទៀត។
ទោះជាយ៉ាងណាក៏ដោយ ក៏ការបកស្រាយរបស់ប្រធានអគ្គីសនីខេត្តសៀមរាប លោក គង់ពុទ្ធី មិនត្រឹមត្រូវដូចលោកបានអះអាងខាងលើនេះទេ ព្រោះគេសង្កេតឃើញថា វាមានភ្លើងតែនៅក្នុងក្រុងមួយក្តាប់តូចតែប៉ុណ្ណោះ អ្នកមានភ្លើងប្រើនៅតែមាន ឯអ្នកអត់នៅតែអត់ វប្បធម៌ចែករំលែកគឺគ្មានទេសំរាប់ប្រជារាស្រ្តទូទៅ សំរាប់អ្នកក្រ និងអ្នកនៅជាយក្រុង។
ដោយសាការចែកចាយភ្លើងមិនមានតម្លាភាពនេះបានធ្វើអោយមានការរិះគន់ និងមានការសង្ស័យពីមជ្ឈដ្ឋានប្រជាពលរដ្ឋថា លោក គង់ពុទ្ធី ប្រធានអគ្គីសនីថ្មីរូបនេះហាក់មានចេតនាផ្តល់ភ្លើងអោយតែបក្សពួក អ្នកមាន អ្នកមានអំណាច មួយចំនួនតែប៉ុណ្ណោះ មិនមានបំណងចែករំលែកអោយស្មើភាពគ្នានោះទេ។
សូមបញ្ជាក់ថា នៅតាមហាងលក់គ្រឿងអគ្គីសនី ហាងលក់ម៉ាស៊ីនភ្លើង រយៈពេលប៉ុន្មានថ្ងៃនេះ មានប្រជារាស្រ្តឈរតំរៀបជួរគ្នា ទិញកង្ហា ទិញអាគុយ ទិញម៉ាស៊ីនភ្លើង ទិញអំពូល អ្នកក្រទិញទៀន ទិញប្រេងកាត ទិញចង្កៀង ទុកប្រើប្រាសពេលយប់ ដែលជាហេតុធ្វើអោយពួកគាត់ចំណាយលុយ មិនថាអ្នកមាន ឬអ្នកក្រនោះទេ ព្រោះតែអគ្គីសនីខេត្តសៀមរាប គ្មានលទ្ធភាពចែកចាយភ្លើងអោយពួកគាត់ប្រើប្រាស់ ធ្វើអោយពួកគាត់រិះគន់ថា ខេត្តទេសចរណ៍ទាំងមូលទៅតភ្លើងពីថៃ ដែលមានចម្ងាយរាប់រយគីឡូដីមកប្រើ អន់ជាងអាចម៌គោកសិកម្មទៅទៀត៕ ដោយ៖ ផ្លុង-រ៉េត