អូរវប្បធម៌ធម្មជាតិ ដែលមានឈ្មោះថា អូរបីតាប់ (អូរបាយតាប់) ស្ថិតក្នុងភូមិស្រែណូយ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ត្រូបានអ្នកមានលុយ ឃុបឃិតជាមួយអាជ្ញាធរ ចាក់ដីលុបធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនផង និង ពុះឡូតិ៍លក់ យកលុយចែកគ្នាចាយយ៉ាងរំភើយ គ្មានសមត្ថកិច្ច ឬ ជំនាញពាក់ព័ន្ធណាអើពើទាល់តែសោះ។
បុរស់មានសម្បុរខ្មៅស្រអែម មានវ័យប្រហែលជិត៥០សិបឆ្នាំ កម្ពស់ប្រហែល១ម៉ែត្រ៦៥ ដែលមានឈ្មោះថា គ្រូច សម្បត្តិ បានប្រាប់ កាសែត កម្ពុជាសុវណ្ណភូមិ ផ្ទាល់មាត់លើដីដែលគាត់បានចាប់នៅមាត់អូរបីតាប់ថា ចំណុចដែលគាត់បានចាក់លុបនេះគឺជាដីដែលគាត់បានទិញពីលោក ផន ភន់ ជាយូរឆ្នាំណាស់មកហើយ ដែលមានប្លង់ដីត្រឹមឃុំ ប្រថាប់ត្រាដោយលោក សួន ឡី មេឃុំចាស់។ ម្ចាស់ដីរូបនេះបានបន្តថា លោកចាក់ដីដើម្បីធ្វើផ្ទះ និង ធ្វើកន្លែងលក់ដូរខ្លះ ដោយអះអាងថា ដីរបស់លោកមិនចំអូរទេ តែបើដីអ្នកផ្សេងខាងលិចបានចាក់ចំអូរតែម្តង។
ថៅកែស្រី ម្ចាស់ដីឡូតិ៍ឈ្មោះ ម៉ាឡៃ ដែលបានចាក់ដីខាងត្បូងថ្នល់ ទល់មុខដីលោក គ្រូច សម្បត្តិ នៅអូរបីតាប់ បានប្រាប់តាមទូរស័ព្ទថា ដីរបស់គាត់មិនជាប់ពាក់ព័ន្ធជាមួយអូរ ឬ ផ្លូវច្បាប់នោះទេ ព្រោះអ្នកណាក៏ស្គាល់គាត់ដែរនៅឃុំស្រែណូយនេះ ហើយគាត់បានរស់នៅទីនេះ២០ឆ្នាំហើយ ឯដីរបស់គាត់លក់មួយឡូតិ៍តម្លៃបីម៉ឺនដុល្លារ ទំហុំ៥គុណ៥០ម៉ែត្រ អោយតែអ្នកណាទិញគាត់ហ៊ានធានាអះអាងគ្រប់បែបយ៉ាងទាំងអស់។
នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាសុវណ្ណភូមិ ពុំអាចសុំការបំភ្លឺពីលោកស្រីមេឃុំស្រែណូយឈ្មោះ វ៉ក ណម បានទេ ព្រោះទូរស័ព្ទចូលបីដងលើកទទួលហើយតែមិននិយាយឆ្លើយឆ្លងអ្វីទាំងអស់។
នៅព្រឹកដដែលនេះផងដែរ លោកអភិបាលស្រុកវ៉ារិន បានមានសប្រសាសន៍តាមទូរស័ព្ទមកកម្ពុជាសុវណ្ណភូមិថា លោកពុំបានដឹងរឿងចាក់ដីលុបអូរនេះទេ ហើយជំរុញអោយកម្ពុជាសុវណ្ណភូមិសាកសួរទៅម្ចាស់ដីខាងលើនេះទៅវិញ។
ចំណែកលោក រដ្ឋា ប្រធានបុរាណដា្ឋននៅខេត្តសៀមរាប បានប្រាក់ក្រុមការងារតាមទូរស័ព្ទថា អូរបីតាប់ មិនស្ថិតក្រោមការគ្រប់គ្រងរបស់បុរាណដ្ឋានទេ គឺស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីធនធានទឹក។
កាសែតកម្ពុជាសុវណ្ណភូមិ ពុំអាចសុំការបកស្រាយពីមន្ទីរធនធានទឹកបានទេ ព្រោះគ្មានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង។
ប្រភពពីប្រជាពលរដ្ឋ និង មន្ត្រីរាជការមួយចំនួននៅឃុំស្រែណូយ បានលួចខ្សឹបប្រាប់កាសែត កម្ពុជាសុវណ្ណភូមិថា ម្ចាសដី មេឃុំ និងអ្នកមានអំណាច ដែលមានតួនាទីជាអង្គរក្សម្នាក់ បានឃុប ឃិតគ្នាជាប្រព័ន្ទចាក់ដីវាតទីបំពានលើអូរបុរាណ ឬ អូរធម្មជាតិ ដែលមានអាយុរាប់រយឆ្នាំមកហើយ គ្មានអ្នកណាគេអើពើទេ ព្រោះខ្លាចអំណាចមេឃុំផង ខ្លាចអំណាចលុយផង និងអំណាចរបស់លោក អង្គរក្សស័ក្កិធំម្នាក់នោះផង ហើយកម្ពុជាសុវណ្ណភូមិក៏ពុំទាន់អាចសុំការបកស្រាយពីលោកអង្គរក្សរូបនោះបានដែរ ព្រោះគ្មានលេខទូរស័ព្ទរបស់គាត់។
ប្រជាពលរដ្ឋនិងមន្ត្រីរាជការនៅឃុំស្រែណូយ សូមសំនូមពរទៅខាងជំនាញពាក់ព័ន្ធ មន្ទីរធនធានទឹក ជាពិសេសឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មេត្តាជួយការពារអភិរក្សអូរបីតាប់ អោយបានគង់វង់ទុកជាសម្បត្តិរួមទៅថ្ងៃអនាគត់ផង៕ ដោយ៖ ផ្លុងរ៉េត
ថ្ងៃនេះ | 3407 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 31966 | នាក់ |
ខែនេះ | 179594 | នាក់ |
ឆ្នាំនេះ | 3762254 | នាក់ |
សរុប | 53122180 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 15:43 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net