ព្រៃលិចទឹកតំបន់០៣សម្រាប់ជម្រកត្រីពងកូនចំនួន០២ហិកតា ស្ថិតក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខាងក្រោមក្រុមហ៊ុនទឹកស្អាតប្រហែលមួយពាន់ម៉ែត្រចន្លោះទំនប់៧៨ និង ទំនប់ប្រហ៊ួត ត្រូវបានគេឃុបឃិតគ្នាកាប់បំផ្លាញរាបដល់ដីក្នុងរយ:ពេលតែ០៣ថ្ងៃប៉ុណ្ណោះ។
កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ ខាងមន្ទីរបរិស្ថានខេត្តសៀមរាប ដែលដឹកនាំកម្លាំងដោយលោក ហ៊ីម បានចុះឃាត់ខ្លួនអ្នកកាប់ព្រៃលិចទឹកខាងលើបានចំនួន០៥នាក់រួចឲ្យធ្វើកិច្ចសន្យាបញ្ឈប់ សកម្មភាពកាប់បំផ្លាញព្រៃ បន្ទាប់មកបានដោះលែងជនទាំង០៥រូបនោះឲ្យមានសេរីភាពវិញ។
ប្រភពច្បាស់ការណ៍បានប្រាប់ឲ្យដឹងថា ការចុះឃាត់ខ្លួនអ្នកកាប់ព្រៃលិចទឹកចំនួន០៥នាក់ដោយមន្ត្រីបរិស្ថាននេះ គ្រាន់តែជាឆាកល្ខោនសម្រាប់បិទបាំងអំពើស្អុយរលួយរបស់ខ្លួនតែប៉ុណ្ណោះ។ ប្រភពបានបន្តទៀតថា ការកាប់បំផ្លាញព្រៃលិចទឹកខាងលើនេះ គឺមានការឃុបឃិតគ្នាធ្វើឡើងជាប្រព័ន្ធ ដែលមានការឃុបឃិតគ្នាបួនស្ថាប័ន ទី១.ប្រធានសហគមន៍ប្រើប្រាសទឹកសង្កាត់ជ្រាវ ទី២.ខាងមន្ត្រីបរិស្ថាន ទី៣.ខាងមន្ត្រីជលផល និង ទី៤.ខាងមន្ត្រីធនធានទឹក។
លោកគង់មង្គលប្រធានសហគមន៍ប្រើប្រាស់ទឹកសង្កាត់ជ្រាវ បានប្រាប់ កាសែតកម្ពុជាសុវណ្ណភូមិតាមទូរស័ព្ទកាលពីម្សិលមិញថា ការកាប់បំផ្លាញព្រៃលិចទឹកខាងលើនេះ មិនជាប់ពាក់ព័ន្ធជាមួយនឹងលោកទេ ហើយលោកបានបន្ថែមថា ដីព្រៃដែលកាប់បំផ្លាញនេះ ជារបស់លោក ដៀបសម្បត្តិ ដែលទើបតែលក់ឲ្យគេថ្មីៗនេះ។
ចំណែកឯលោក ដៀប សម្បត្តិ បានបដិសេធថា ដីព្រៃ០២ហិកតាដែលកាប់បំផ្លាញនេះមិនមែនជារបស់លោកទេ លោកគ្មានដីលក់ដូចការចោទប្រកាន់របស់លោកគង់មង្គលនោះឡើយ។ លោក ដៀប សម្បត្តិ បានបន្ថែមថា កន្លងមកលោកតែងតែទទួលរងការស្តីបន្ទោស ទទួលកំហុសជំនួសគេតែរហូត តែអ្នកដែលជាមេខ្លោង រួចខ្លួនតែរហូត ពេលនេះលោកលែងល្ងង់ទទួលថ្មបាក់ជំនួសគេទៀតហើយ។
ពលរដ្ឋអ្នកបានដឹងហេតុការណ៍នេះបានចោទសួរថា ហេតុអ្វីខាងមន្ត្រីបរិស្ថានដែលដឹកនាំកម្លាំងចុះបង្ក្រាប ការកាប់បំផ្លាញព្រៃលិចទឹកខាងលើនេះ មិនឃាត់ខ្លួនអ្នកកាប់ព្រៃទុកមួយអន្លើសិនដើម្បីស្វែងរកអ្នកបញ្ជាពីក្រោយខ្នង? ឬមួយដូចការចោទប្រកាន់របស់ប្រភពខាងលើ ថាការកាប់បំផ្លាញព្រៃលិចទឹក២ហិកតានេះ គឺមានការឃុបឃិតគ្នាជាប្រព័ន្ធ ដែលមានការចូលរួមចំណែកពីមន្ត្រីបរិស្ថានផងនោះ? ប្រជាពលរដ្ឋល្អៗនៅក្នុងសង្កាត់ជ្រាវ ស្នើសុំទៅស្ថាប័នពាក់ព័ន្ធ តុលាការខេត្តសៀមរាប និងជាពិសេសឯកឧត្តម ទៀសីហា អភិបាលនៃគណអភិបាលខេត្តសៀមរាប មេត្តាចាត់វិធានការទៅតាមផ្លូវច្បាប់ ចំពោះបុគ្គលដែលពាក់ព័ន្ធក្នុងករណីកាប់បំផ្លាញព្រៃលិចទឹកនៅតំបន់ហាមឃាត់ខាងលើនេះ។
កាសែតកម្ពុជាសុវណ្ណភូមិ ពុំទាន់អាចសុំការបកស្រាយពីប្រធានមន្ទីរពាក់ព័ន្ធ០៣ស្ថាប័នខាងលើបានទេ ព្រោះគ្មានលេខទូរស័ព្ទសំរាប់ធ្វើការទំនាក់ទំនង ពាក់ព័ន្ធការចោទប្រកាន់ថា ស្ថាប័នរដ្ឋទាំង០៣នេះមានការឃុបឃិតគ្នាជាប្រព័ន្ធ ក្នុងការកាប់បំផ្លាញព្រៃលិចទឹកចំនួន០២ហិកតានៅក្នុងសង្កាត់ជ្រាវ៕ ដោយ: ផ្លុងរ៉េត
ថ្ងៃនេះ | 3562 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 32121 | នាក់ |
ខែនេះ | 179749 | នាក់ |
ឆ្នាំនេះ | 3762409 | នាក់ |
សរុប | 53122335 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 16:12 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net